ដើមឈើព្រៃ អ្វីខ្លះ ដែលកំពុងបានទ្រទ្រង់ និង ផ្តល់នូវសារៈប្រយោជន៍យ៉ាង សំខាន់ដល់ការផលិតទឹឃ្មុំ

ភ្នំពេញ៖ ពូជ ឈើព្រៃ សំខាន់ៗនៅ តំបន់ទេសភាពខ្ពង់រាបភាគខាងកើត នៃខេត្ត មណ្ឌលគិរី កំពុង ជួយដើរតួនាទីយ៉ាងសំខាន់ ដល់សត្វឃ្មុំព្រៃ ។ ក្នុងចំណោមដើមឈើសំខាន់ៗសម្រាប់ជួយដល់សត្វឃ្មុំផលិតទឹកឃ្មុំទាំងនោះមានចំនួន ៥៦ប្រភេទ និងព្រមជាមួយគ្នាក៏គេកំពុងព្រួយបារម្ភពីការបាត់បង់ប្រភេទដើមឈើមួយចំនួនដែលវាបង្កការប៉ះពាល់ដល់ការផលិតទឹកឃ្មុំតាមធម្មជាតិផងដែរ។

គួរបញ្ជាក់ថាសត្វឃ្មុំ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផលិតបន្លែ និងផ្លែឈើ ក្នុងវិស័យកសិកម្ម ។ ការចូលរួមចំណែករបស់ឃ្មុំក្នុងការផលិតបន្លែ-ផ្លែឈើនេះ គឺតាមរយៈសត្វឃ្មុំទាំងនោះ បាននាំយកលំអងផ្កាមួយទៅប៉ះគ្នានឹងលំអងផ្កាមួយទៀត ដែលបង្កើតឱ្យមានជាផ្លែ និងគ្រាប់ពូជនានា សម្រាប់ធ្វើជាចំណីអាហារ សម្រាប់មនុស្ស សត្វ។

លោក ស៊ាងសុធា ប្រធានកម្មវិធីអភិវឌ្ឍន៍សហគមន៍នៃអង្គការ WWF បានឱ្យដឹងថា តាមពិតឈ្មោះដើមឈើព្រៃដែលបានជួយទ្រទ្រង់ទឹកឃ្មុំមានជាង១០០ប្រភេទតែគេយករបាយ ដែលវាផ្តល់ទឹកឃ្មុំសំខាន់ៗមានជាង៥៦ប្រភេទក្នុងនេះមានដូចជា៖ដើមស្រឡៅ ចំបក់ សុក្រំ ពពេល ពង្រ ត្រាច កកោះ កណ្តោល កន្ទួតព្រៃ ក្រាយ កំភ្លា ខ្នុរព្រៃ ខ្លុង ខ្វាវ គគី គុយ ច្រេះ ឆាំឆា ឆ្កែស្រែង ឈើក្រហម ឈើទាល ឈើអែម ឈ្លីក ដង្កៀមក្តាម ត្រសេក ត្របែកព្រៃ ត្រមូង ធ្នង់ ធ្លក នាងនួន បេង ផ្ចឹក ព្រីង ម្កាក់ព្រៃ រកា ស្រម៉ ស្លែងព្រៃ និងសំរ៉ងជាដើម។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថាព្រៃឈើបានផ្តល់នូវផលប្រយោជន៍ដ៏សំខាន់ សម្រាប់ជីវិតរស់នៅលើផែនដី ។ ព្រៃឈើបានផ្តល់នូវភាពបៃតង ស្រស់ស្អាត ទាក់ទាញអារម្មណ៍ធ្វើឱ្យយើងចង់ទៅទស្សនា វាបានផ្តល់ជាជម្រកយ៉ាងសំខាន់ ដល់មនុស្សសត្វ រុក្ខជាតិ ជីវចម្រុះ នានា។ព្រៃឈើបានផ្តល់នូវខ្យល់បរិសុទ្ធ វាស្រូបទៅវិញនូវសារជាតិពុល ជួយឱ្យខ្យល់បរិសុទ្ធ ជួយកាត់បន្ថយកំដៅ ជាដើម។

មន្រ្តីអ្នកនាំពាក្យរូបនេះបានថ្លែងដោយបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានក្នុងការអភិរក្សព្រៃឈើនេះបានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៤ដើម្បីគ្រប់គ្រងធនធានធម្មជាតិឱ្យប្រសើរដូចជាទី១គឺអនុវត្តច្បាប់ ១០០ភាគរយ, ទី២ សហការជាមួយរដ្ឋបាលខេត្តតាមរយៈគណៈបញ្ជាការខេត្តដើម្បីគ្រប់គ្រង និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ,ទី៣ សហការជាមួយគណៈបញ្ជាការខេត្ត និងអាជ្ញាធរខេត្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងទី៤ ជំរុញការដាំដុះឱ្យបានច្រើនដោយក្នុងនេះបានចែកកូនឈើដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃជាង១លានដើម។

គួរបញ្ជាក់ថាអង្គការសង្គមស៊ីវិលមួយចំនួនបានលើកឡើងថាកម្ពុជាបច្ចុប្បន្នមានការប្រឈមទៅនឹងការថែរក្សាព្រៃឈើផងដែរដោយសារជនខិលខូចបានលួចកាប់ព្រៃឈើ ការទន្រ្ទានដីធ្លីខុសច្បាប់ ក្នុងនេះដូចជានៅខេត្តពោធិ៍សាត់ដែលក្រសួងបរិស្ថាន និង អាជ្ញាធរ ខេត្តបានចុះធ្វើការបង្រ្កាបទ្រង់ទ្រាយធំនាថ្មីៗកន្លងមកដោយក្នុងនេះមានទាំងការចាប់ជនល្មើសយកទៅផ្តន្ទាទោស និងការអប់រំផ្សព្វផ្សាយ។ ក្រៅពីប្រឈមទៅនឹងបញ្ហាទាំងនេះព្រៃឈើក៏ជួបទៅបញ្ហាផលលំបាកមួយចំនួនក្នុងការគ្រប់គ្រងផងដែរដូចជាការលួចដុត អាកាសធាតុក្តៅប្រឈមទៅនឹងការឆេះព្រៃជាដើម ។

សូមរំលឹកងថាអង្គការ WWF បានចុះផ្សាយទាក់ទិនទៅនឹង តំបន់ទេសភាពខ្ពង់រាបភាគខាងកើត នៃខេត្តមណ្ឌលគិរី មានពូជឈើព្រៃសំខាន់ជាង ៥០ប្រភេទ ដែលផ្តល់ជាប្រភពទឹកដមដ៏សំខាន់សម្រាប់ឃ្មុំព្រៃខេត្តមណ្ឌលគិរី។ របកគំហើញនេះបង្ហាញពីជីវចម្រុះដ៏សម្បូរបែបក្នុងតំបន់ និងតួនាទីសំខាន់ដែលដើមឈើទាំងនេះដើរតួក្នុងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។ ការអភិរក្សប្រភេទដើមឈើទាំងនេះ មិនត្រឹមតែការពារជម្រករបស់ឃ្មុំព្រៃប៉ុ ណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារបរិស្ថានទាំងមូលថែមទៀត។ តម្លៃនៃធនធានដ៏សំខា ន់នេះ បញ្ជាក់ពីសក្តានុពលសម្រាប់ការអនុវត្តការប្រមូលទឹកឃ្មុំព្រៃ ប្រកបដោយ និរន្តរភា ព និងបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងការពារធនធានធម្មជាតិ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner