ឆ្នាំ២០២៤នេះក្រុមអ្នកស្រាវជ្រាវនៅតែបន្តធ្វើកំណាយ ព្រែកស្រមោច ដែលជាព្រែកជីក បុរាណ ចាប់ពីភ្នំគូលែន រហូតដល់កំពង់ឃ្លាំង ជាប់មាត់ទន្លេសាប

(ភ្នំពេញ)៖អស់កាលជាយូរមកហើយ អ្នកស្រាវជ្រាវ និងអ្នកស្រុកមួយចំនួន យល់ថា ព្រែកស្រមោចដែលជា ព្រែកជីកបុរាណ មានប្រភពចាប់ពីភ្នំគូលែនចុះរហូតដល់​កំពង់ឃ្លាំង ជាប់មាត់ទន្លេសាប ហើយដែលពីមុនមកក៏ពុំទាន់មានការសិក្សាទាំងផ្នែក​បុរាណវិទ្យា ផ្នែកវិស្វកម្ម ព្រមទាំងផ្នែកធារាសាស្ដ្រនៅឡើយទេ។ ប៉ុន្តែ កន្លងមកក៏ធ្លាប់​មានដែរការសិក្សាពីសហគមន៍មនុស្សតាមបណ្តោយព្រែកជីក និងអត្ថបទខ្លីៗទាក់ទង​ផ្សេងទៀតដែរដែលបានចុះផ្សាយក្នុងបណ្តាណព័ត៌មានវប្បធម៌ខ្មែរ។

លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ ដែលជាប្រធានគម្រោងបានផ្តល់នូវសំណួរមួយចំនួនដូចជា តើគេជីកព្រែកដ៏ធំនេះដើម្បី​ទាញយកទឹកប្រើប្រាស់? បើដូច្នេះ ហេតុអ្វី ក៏ទទឹង ធំម្ល៉េះ? ដើម្បីដឹកជញ្ជូនភាជន៍ ពីកន្លែងផលិត នៅលើភ្នំគូលែន ចុះ មកទន្លេ សាប? ឬ មួយ មាន តួនាទី ជា ផ្លូវ ដឹកថ្មពីអូរថ្មដាប់ដែល ជា កន្លែង ដាប់ យកថ្មទៅកសាង ប្រាសាទ នៅ អង្គរ? ចម្ងល់ ទាំងនេះហើយ ដែលក្រុមស្រាវជ្រាវ ត្រូវធ្វើការស្វែងយល់ថា តើព្រែកជីកបុរាណនេះ មានប្រភពពីណាទៅដល់ត្រឹមណា? មានតួនាទីអ្វីឱ្យប្រាកដ?

ក្រុមស្រាវជ្រាវបានប្រាស់រូបថតពីលើអាកាស ដែលបោះពុម្ពក្នុងឆ្នាំ១៩៤១ និងរូបភាព​ពីលើអាកាសតាមរយៈ Google Earth បានបង្ហាញថា ព្រែកស្រមោចសណ្ដូក​តាមទិស​ខាងជើងទៅត្បូង ចេញពីភូមិសាស្រ្តឃុំកំពង់ឃ្លាំង ជាប់មាត់ទន្លេសាប កាត់តាមផ្លូវជាតិ​លខេ៦ ត្រង់ភូមិថ្នល់ចែក ឃុំដំដែក ឡើងទៅដល់ភូមិសំរោង ឃុំសំរោង ស្រុកសូទ្រ​និគម ។

ការស្រាវជ្រាវនៅដំណាក់កាលទី១ បានបង្ហាញថា ព្រែកជីកនេះលាតសន្ធឹងមិនដល់​ភ្នំគូលែន ទេ គឺនៅត្រឹមម្ដុំវត្តសំរោងតែប៉ុណ្ណោះ ព្រោះពុំមានស្លាកស្នាមបន្តទៀតទេ។
ព្រែកជីកនេះមានប្រវែងសរុប២៣គីឡូម៉ែត្រ កន្លែងខ្លះមានទទឹងពី៣០០ម៉ែត្រ កន្លែង​ខ្លះ​មានទទឹង ១៥០ម៉ែត្រ និងមានកម្ពស់ជាង៤ម៉ែត្រ។ ក្រុមអ្នកស្រាវជ្រាវសន្និដ្ឋានថា ប្រភពទឹកហូរចូលព្រែកនេះអាចមានប្រភព២ សំខាន់ៗ៖ ទី១ ប្រភពទឹកពីភ្នំគូលែនស្ថិតនៅខាងជើងវាលរាបអង្គរ រួចហូរចូលព្រែកជីកនេះ និងទី២ ប្រហែលទឹកឡើងមកពី ទន្លេសាប ច្រាលចូលក្នុងព្រែក។

គេពុំដឹងថាព្រែកជីកដ៏ធំនេះកសាងនៅសម័យណាទេ តែគេអាចសន្និដ្ឋានថា អាចកើត​មុនរាជ្យព្រះបាទជ័យវរ្ម័នទី៧ ឬប្រហែលអាចជាមុននោះយូរផង។

ក្រោយមកប្រហែលជាព្រែកជីកនេះមានដំណើរការ រអាក់រអួល និងខូចខាតដោយអន្លើ ទើបក្នុងរាជ្យព្រះបាទ ជ័យវរ្ម័នទី៧ បានធ្វើផ្លូវ មានទាំងស្ពានមួយចំនួនដែល​សព្វថ្ងៃនេះ​ក្លាយមកជាផ្លូវជាតិលេខ៦ កាត់ព្រែកជីកឲ្យដាច់ជាពីរផ្នែកនៅត្រង់ចំណុច “ថ្នល់ចែក” ម្តុំភូមិថ្នល់ចែក ឃុំដុំដែក ស្រុកសូទ្រនិគម។ អ្នកស្រុក រស់នៅតាមទំនប់ព្រែក ជីក មួយ​ចំនួននៅ ចាំតៗគ្នាថា ព្រែកស្រមោច ឬផ្លូវសំពៅនេះ ជាផ្លូវទឹក បុរាណ មួយ​ដែលមាន សំពៅ ចរាចរ ចុះឡើងចន្លោះ ពីទន្លេសាប ទៅដល់ ភ្នំគូលែន និងជាផ្លូវដឹកជញ្ជូនថ្ម ទៅ សាងសង់ ប្រាសាទ នៅអង្គរដែរ ។

អាជ្ញាធរអប្សរាបានឱ្យដឹងថានៅក្នុងឆ្នាំ២០២៤នេះ ក្រុមស្រាវជ្រាវបានបន្តធ្វើ​កំណាយ​នៅទីតាំងភូមិថ្មី ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ក្នុងបំណងស្វែងយល់បន្ថែម ពីព្រែក​ស្រមោច និងស្វែងយល់ពីការតាំងទីរបស់ប្រជាជន និងពេលវេលាដែលពួកគេរស់នៅ​ទីនេះ។ ក្នុងពេលធ្វើកំណាយនេះ យើងបានរកឃើញ កុលាលភាជន៍ខ្លះៗ​ដូចជា​កុលាលភាជ​ផុយ និងភាជន៍មានស្រទាប់រលោងដែលមានអាយុកាល មុនសម័យ​អង្គរផង ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner