ពិធីប្រគល់រង្វាន់គំនូរយុវជនកាកបាទក្រហមកម្ពុជា ជ័យលាភីថ្នាក់ជាតិ

ភ្នំពេញ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញ ប្រគល់រង្វាន់គំនូរយុវជនកាកបាទក្រហមកម្ពុជា ជ័យលាភីថ្នាក់ជាតិ ដើម្បីអបអរខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ។

លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង បានឱ្យដឹងថា “យុទ្ធនាការឈានឆ្ពោះទៅកាន់ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា បានរៀបចំការប្រលងគំនូរយុវជនកាកបាទក្រហមកម្ពុជា ដែលមានយុវជនកាកបាទក្រហមកម្ពុជា បានចូលរួមសរុបចំនួន ១,៧២៤នាក់ មកវិទ្យាល័យចំនួន ១២៤ ហើយសាខាកាកបាទក្រហមកម្ពុជា ទាំង ២៤ខេត្ត និងអនុសាខា ១៤ នៃសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានជ្រើសរើសជ័យលាភីសរុបចំនួន ១១៧ផ្ទាំង មកចូលរួមប្រកួតនៅថ្នាក់ជាតិ” ។

លោកជំទាវ ហួន ច័ន្ទបូរ៉ា បានបន្តថា “នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រុមការងារ បានរៀបចំដំឡើងគំនូរ ដើម្បីពិនិត្យវាយតម្លៃស្នាដៃគំនូរប្រចាំឆ្នាំ២០២៤ ស្តីពីគណៈកម្មាការដាក់ពិន្ទុប្រឡង គំនូរយុវជន កក្រក វិធីសាស្រ្តដើម្បីមានសុខភាពល្អ និងវិធីសាស្រ្តបន្ស៊ាំទៅនឹងអាកាសធាតុ ហើយជ្រើសរើសបេក្ខជនជ័យលាភីចំនួនួ ៦រូប ដើម្បីឡើងធ្វើការបង្ហាញខ្លឹមសារ នៃគំនូរ របស់ខ្លួន ដើម្បីទទួលជ័លាភីផ្តាច់ព្រាត់។”

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានលើកឡើងថា “ការប្រលងគំនូរយុវជនកាកបាទក្រហមកម្ពុជា ដែលមានអ្នកចូលរួមសរុបចំនួន ១,៧២៤នាក់ ហើយគំនូរដែលទទួលបានជ័យលាភី ១១៧ផ្ទាំង នៃសាខាកាកបាទក្រហមកម្ពុជា ២៤ខេត្ត និង ១៤អនុសាខា នៃសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ត្រូវបានយកមកប្រកួតប្រជែងថ្នាក់ជាតិ និងសូមកោតសរសើរដោយស្មោះចំពោះស្នាដៃគំនូរ ដែលបានបង្ហាញនូវសកម្មភាពដើម្បីមានសុខភាពល្អ និងវិធីសាស្រ្តបន្ស៊ាំទៅនឹងអាកាសធាតុ”។

បន្ទាប់ពីបេក្ខជនទាំង៦នាក់ បានឡើងបកស្រាយនូវអត្ថន័យនៃគំនូររួចមកជាលទ្ធផល ៖

  • ជ័យលាភីទី១ បានទៅលើ យុវជន សុខ ប៊ុនលាភ សិស្សថ្នាក់ទី១០ (C) វិទ្យាល័យចំណេះដឹងទូទៅនិងបច្ចេកទេសព្រះរាជសម្ភារ ខេត្តកំពត ទទួលបាន ថេប្លេត(Tablet)១ឈុត(ថេប្លេត១គ្រឿង, Mouse១, Keyboard១), សំពៀត១, សៀវភៅសរសេរ ៥ក្បាល, ទស្សនាវដ្តី១ ក្បាល, ប៊ិច២ដើម, ថវិកា៥០ ម៉ឺនរៀល ។
  • ជ័យលាភីទី២ យុវជន សម្បត្តិ ពិសិទ្ធ សិស្សថ្នាក់ទី១២ (ឆ) វិទ្យាល័យ សម្តេចជួនណាត ខេត្តកំពង់ចាម ទទួលបាន ថេប្លេត(Tablet)១ឈុត(ថេប្លេត១គ្រឿង, Mouse១, Keyboard១), សំពៀត១, សៀវភៅសរសេរ៥ក្បាល, ទស្សនាវដ្តី១ ក្បាល, ប៊ិច២ដើម, ថវិកា៤០ ម៉ឺនរៀល ។
  • ជ័យលាភីទី៣ យុវនារី លឹម គីមគាង សិស្សថ្នាក់ទី១២ (ច) វិទ្យាល័យព្រះសីហនុ ខេត្តព្រះសីហនុ ទទួលបាន ថេប្លេត(Tablet)១ឈុត(ថេប្លេត១គ្រឿង, Mouse១, Keyboard១), សំពៀត១, សៀវភៅសរសេរ៥ក្បាល, ទស្សនាវដ្តី១ ក្បាល, ប៊ិច២ដើម, ថវិកា៣០ ម៉ឺនរៀល ។

ជ័យលាភីទទួលបានរង្វាន់លួងចិត្ត ៣នាក់ ទទួលបាន ថេប្លេត(Tablet)១ឈុត(ថេប្លេត ១គ្រឿង, Mouse១, Keyboard១), សំពៀត១, សៀវភៅសរសេរ៥ក្បាល, ទស្សនាវដ្តី១ ក្បាល, ប៊ិច២ដើម រួមមាន៖

  • យុវជន សន ប៊ុនសុជាតា សិស្សថ្នាក់ទី១២ (ក) វិទ្យាល័យទឹកល្អក់ រាជធានីភ្នំពេញ
  • យុវនារី ហ៊ ស៊ីវហ័រ សិស្សថ្នាក់ទី១២ (ក) វិទ្យាល័យ ហ៊ុន សែន ចារថ្មី ខេត្តត្បូងឃ្មុំ
  • យុវនារី ចាន់ សុជាតា សិស្សថ្នាក់ទី១២ (R) វិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប ។

រង្វាន់ជ័យលាភីថ្នាក់ខេត្ត ១១១នាក់ទៀត ទទួលបានសៀវភៅ ៥ក្បាល និងប៊ិច ២ដើម។

លោកជំទាវ ពុំ ចន្ទីនី សូមថ្លែងអំណរគុណសារជាថ្មីចំពោះថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ២៤ខេត្ត និងរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែង សម្រប់សម្រួលនិងដឹកនាំការប្រឡងគំនូរនេះ និងកោតសរសើរសារជាថ្មីចំពោះក្មួយដែលបានចូលរួមការប្រទ្បងគំនូរនេះ ដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីវិធីសាស្រ្តដើម្បីមានសុខភាពល្អ និងវិធីសាស្រ្តបន្ស៊ាំទៅនឹងអាកាសធាតុ និងសូមជូនពរបងប្អូរ ក្មួយៗ សូមឱ្យមានសុខភាពល្អ ធ្វើដំណើរដល់ទីណាសូមឱ្យមានសុវត្ថិភាពគ្រប់កន្លែង ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner