Porsche ប្រមូលឡានម៉ូដែល Taycans រាប់ពាន់គ្រឿងមកវិញ ដោយសារបញ្ហាអាគុយអាចឆេះ
ប៊ែរឡាំង៖ ក្រុមហ៊ុនផលិតរថយន្តស្ព័ររបស់អាល្លឺម៉ង់ Porsche បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានប្រមូលរថយន្តអគ្គិសនីម៉ូដែល Taycan រាប់ពាន់គ្រឿងមកវិញ ដោយសារតែហានិភ័យអាគុយរបស់ពួកវាអាចឆេះបាន។
រថយន្តម៉ូឌែល Taycans របស់ក្រុមហ៊ុន Porsche ចំនួន ៨៥៨គ្រឿង ត្រូវបានគេកំណត់អត្តសញ្ញាណដំបូងថា មានហានិភ័យ ហើយត្រូវបានប្រមូលមកវិញកាលពីខែមករាដើមឆ្នាំ ប៉ុន្តែបន្ទាប់ពីការត្រួតពិនិត្យបន្ថែម ក្រុមហ៊ុនបានកំណត់ថា ឡានម៉ូដែលដូចគ្នានេះផ្សេងទៀតក៏អាចរងផលប៉ះពាល់ផងដែរ។ ក្រុមហ៊ុន Porsche បាននិយាយថា រថយន្តប្រភេទស្ព័រនេះចំនួន ២,៩៣៦គ្រឿងបានបង្ហាញពី “ភាពមិនប្រក្រតី” ដែលតម្រូវឱ្យមានការផ្លាស់ប្តូរម៉ូឌុលនៅលើអាគុយ ដែលអាចប្រើប្រាស់បានចម្ងាយ ៦០០គីឡូក្រាម ដែលដាក់នៅក្រោមរថយន្ត។
ចំណែករថយន្ត Taycans ចំនួន ៤,៥២២គ្រឿងផ្សេងទៀតដែលមិនទាន់ត្រូវបានត្រួតពិនិត្យ ត្រូវតែនាំយកទៅការ៉ាស់ជួសជុល ដើម្បីផ្ទៀងផ្ទាត់បញ្ហាអាគុយ។ សមាសធាតុផលិតអាគុយរបស់រថយន្ត Taycan ត្រូវបានផលិតដោយក្រុមហ៊ុន LG របស់កូរ៉េខាងត្បូង ខណៈដែលអាគុយទាំងមូលត្រូវបានផ្គុំឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ មុនពេលដាក់បញ្ចូលទៅក្នុងរថយន្តនៅរោងចក្រ Zuffenhausen របស់ក្រុមហ៊ុន Porsche។
ដោយចេញលក់នៅឆ្នាំ២០១៩ រថយន្ត Taycan លក់បានជាង ៤០,០០០គ្រឿងក្នុងឆ្នាំ២០២៣ កើនឡើងចំនួន ១៦.៧ភាគរយ បើធៀបនឹងឆ្នាំមុន។
ក្នុងនាមជារថយន្តម៉ូដែលអគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុន Porsche វាគឺជាគន្លឹះសម្រាប់ម៉ាកយីហោអាល្លឺម៉ង់ ដែលរំពឹងថា ៨០ភាគរយនៃការលក់របស់ខ្លួននឹងប្រើប្រាស់ឡានអគ្គិសនីនៅឆ្នាំ២០៣០ ហើយក៏គ្រោងនឹងផ្លាស់ប្តូររថយន្តប្រភេទ Macan SUV ខ្នាតតូចរបស់ខ្លួនទៅជាឡានអគ្គិសនីនៅឆ្នាំ២០២៥ផងដែរ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតឡានកំពូលៗ មានដូចជា Renault, Ford និង General Motors ក៏សុទ្ធតែប្រមូលរថយន្តមកវិញ ដោយសារបញ្ហាអាគុយផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា