រដ្ឋបាលខេត្តកែប ដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់នៅលើកោះពោធិ៍
កែប ៖ឧបករណ៍នេសាទល្មើសច្បាប់រួមមាន ទុយោខ្យល់មុជទឹកប្រវែង ១០.០០០ម៉ែត្រ, ដុំឆក់ចំនួនប្រាំធុង ,រនាស់អូសខ្យងមួយគូ រួមជាមួយសំណមួយចំនួនត្រូវបានដុតបំផ្លាញចោលជាសាធារណៈ នៅទីបញ្ជាការជួរមុខនៃអគ្គលេខាធិការដ្ឋាន គណៈកម្មការជាតិសន្តិសុខលំហសមុទ្រខេត្តកែបកាលពីថ្ងៃទី៩ ខែឧសភាឆ្នាំ២០២៤(ស្នាក់ការសន្តិសុខកោះពោធិ៍ )។ជាមួយនឹងការបំផ្លាញឧបករណ៍បង្កមហន្តរាយដល់ធនធានធម្មជាតិសមុទ្រនេះ ក៏មានការសត្វអណ្តើកសមុទ្រ(ល្មិច)ដែលជាសត្វកម្រដ៏ធំមួយក្បាលចូលទៅក្នុងសមុទ្រវិញ ផងដែរ។
នៅចំពោះមុខប្រជានេសាទជាច្រើននាក់ដែលមកចូលរួមក្នុងព្រឹត្តិការណ៍នេះ លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប បានអំពាវនាវដល់ប្រជានេសាទទាំងអស់សូមបញ្ឈប់ការធ្វើអាជីវកម្មដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់តទៅទៀត មិនថាក្នុងតំបន់ដែលកំពុងអភិរក្ស ឬកន្លែងផ្សេងទៀតឡើយ ។លោកថា ការធ្វើអាជីវកម្មនេសាទបែបខុសច្បាប់នេះ វាបំផ្លាញធនធានធម្មជាតិដែលមាននៅក្នុងសមុទ្រ ។មិនត្រឹមតែប៉ុណ្ណោះ វាបំផ្លាញខ្លួនឯង និងដល់កូនចៅជំនាន់ក្រោយទៀតផង ។លោកបន្ថែមថា បើយើងទាំងអស់គ្នាឈប់ប្រើប្រាស់ឧបករណ៍ខុសច្បាប់ក្នុងការនេសាទ យើងនឹងមិនខ្វះទេ ធនធានសមុទ្រ ដូចជា បង្គា ក្តាម មឹក និងត្រី ជាដើម។
ក្នុងឱកាសនោះដែរប្រជានេសាទទាំងអស់ត្រូវបានជំរុញឱ្យមកចុះបញ្ជីទូកឱ្យបានគ្រប់ៗគ្នាដោយក្រុមការងារចុះបញ្ជីទូក នឹងមកធ្វើការដល់លើកោះនេះតែម្តងដោយមិនឱ្យប្រជានេសាទលំបាកឡើយ ។
សូមជម្រាបថា ពិធីដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់នោះ ក៏មានការចូលរួមពីឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ តំណាងរដ្ឋបាលក្រុងកែប មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទមន្ត្រីខណ្ឌរដ្ឋបាលជលផល ក្រុមអភិរក្សធនធានជលផលសមុទ្រ (MCC) និងប្រជានេសាទជាច្រើននាក់។ចំណែកអណ្ដើកល្មិច ដែលលែងទៅក្នុងសមុទ្រទម្ងន់៥០គីឡូក្រាម ដោយកឹបស្លាកសម្គាល់លេខ KH ២០៨១ នៅលើជើងខាងឆ្វេងផង៕
ដោយ៖ សិលា សារិន