កូនប្រុស វ័យ១៨ឆ្នាំ របស់លោក Trump ប្រឡូកចូលនយោបាយ

អាមេរិក៖ កូនប្រុសពៅរបស់លោក ដូណាល់ ត្រាំ អាយុ១៨ឆ្នាំ ដែលរៀននៅវិទ្យាល័យ ហើយមិនសូវបង្ហាញខ្លួនជាសាធារណៈ នឹងប្រឡូកក្នុងឆាកនយោបាយ នាខែកក្កដា ខាងមុខនេះ ក្នុងឋានៈជាប្រតិភូតំណាងរដ្ឋ Florida នៅឯសន្និបាតបក្សសាធារណៈរដ្ឋ នេះបើតាមភាគីរដ្ឋមួយនេះ បញ្ជាក់ ថ្មីៗនេះ។

យុវជន Barron Trump នឹងក្លាយជាសមាជិកចុងក្រោយនៃគ្រួសារត្រកូល Trump ដែលឈានជើងចូលឆាកនយោបាយ ជាមួយនឹងបងប្អូនបង្កើតរបស់គេ ក្នុងនោះ កូនស្រីរបស់លោក Trump ម្នាក់ទៀត ឈ្មោះថា Tiffany Trump និងកូនប្រុសម្នាក់ទៀត ឈ្មោះថា Eric Trump សុទ្ធតែជាប្រតិភូតំណាង នៅរដ្ឋ Florida ។ រីឯ កូនស្រីច្បងរបស់លោក Trump គឺលោកស្រី Ivanka ធ្លាប់ធ្វើជាទីប្រឹក្សាជាន់ខ្ពស់របស់លោក ត្រាំ ក្នុងពេលដែលលោក ធ្វើជាប្រធានាធិបតីអាមេរិក បានមួយអាណត្តិ ហើយស្វាមីរបស់លោកស្រី គឺលោក Jared Kushner ក៏កាន់តំណែង បែបនេះផងដែរ កាលណោះ។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនឹងប្រព្រឹត្តទៅ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ដោយលោក Donald Trump តំណាងឲ្យគណបក្សសាធារណរដ្ឋ ត្រូវបានគេជឿថា នឹងត្រូវប្រកួតប្រជែង ចុងក្រោយ ជាមួយនឹង លោក Joe Biden បេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ។

លោក Trump ត្រូវបានគេមើលឃើញថា កំពុងជំរុញសមាជិកគ្រួសារ មានវត្តមាននៅក្នុងគណបក្ស មុនការបោះឆ្នោត ផ្លូវការ។ កាលពីខែមីនា គណៈកម្មាធិការជាតិ នៃបក្សសាធារណរដ្ឋ បានជ្រើសរើសភរិយារបស់លោក Eric Trump គឺលោកស្រី Lara ឱ្យកាន់តំណែង ជាថ្នាក់ដឹកនាំមួយរូប៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner