ថៃ៖ មនុស្សស្លាប់ ព្រោះរលកកម្តៅ កើនលើស៦០នាក់

បាងកក៖ ក្រសួងសុខាភិបាលថៃបានអះអាង កាលពីថ្ងៃសុក្រថា ចំនួនមនុស្សស្លាប់ ដោយសារតែការដាច់សរសៃឈាម ក្នុងពេលអាកាសធាតុក្តៅខ្លាំង ក្នុងប្រទេសមួយនេះ បានកើនដល់ ៦១នាក់ហើយ នៅឆ្នាំ២០២៤នេះ។

ក្រសួងសុខាភិបាលបានអះអាងថា បើធៀបនឹងចំនួនមនុស្សស្លាប់ ព្រោះករណីដូចគ្នានេះ ក្នុងពេលពេញមួយឆ្នាំ២០២៣ មានត្រឹមតែ ៣៧នាក់ ប៉ុណ្ណោះ។

ក្រសួងបាននិយាយទៀតថា ភាគឦសាន ដែលជាតំបន់កសិកម្មដ៏សំខាន់ មានមនុស្សស្លាប់ច្រើនជាងគេ។ មន្ត្រីជំនាញសុខាភិបាលថៃ បានព្រមានអំពីអាកាសធាតុក្តៅកាន់តែខ្លាំង តម្រូវឲ្យមានការកំណត់ពេលវេលា ចេញក្រៅ របស់ប្រជាជន។
បើតាមកាសែត The Nation ដកស្រង់សម្តីរបស់មន្ត្រីសុខាភិបាល បានលើកឡើងថា មនុស្សស្លាប់ភាគច្រើន គឺជាកម្មករដែលធ្វើការនៅខាងក្រៅ ,ជាមនុស្សចាស់, ជាអ្នកដែលមានជំងឺ ព្រមទាំង ជាក្រុមអ្នកផឹកស្រាច្រើន ជាប្រចាំ។ មន្ត្រីរូបនេះបានណែនាំ ឲ្យចៀសវាងការប៉ះពាល់ពន្លឺព្រះអាទិត្យយូរ, ស្លៀកសម្លៀកបំពាក់ស្តើងៗ ឬ ស្រាលៗ និងទទួលទានទឹក ឱ្យបានច្រើន។
នៅក្នុងខែមេសា ឆ្នាំ២០២៤នេះ ថៃបានកត់ត្រាអំពីសីតុណ្ហភាពក្តៅខ្លាំង គួរឲ្យបារម្ភ ដែលតំបន់ខ្លះ មានរហូតដល់ ជាង៤៤អង្សាសេ។ យោងតាមអង្គការឧតុនិយមពិភពលោក របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា បាតុភូត El Nino កំពុងជំរុញឱ្យមានអាកាសធាតុក្តៅខ្លាំង ក្នុងឆ្នាំនេះ ហើយអាស៊ី កំពុងឡើងកំដៅ លឿនជាងមធ្យមភាគពិភពលោក ទៅទៀត៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner