ឧបនាយករដ្ឋមន្រ្តី វាយតម្លៃខ្ពស់ចំពោះបេសកកម្ម៣០ ឆ្នាំ របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា
ភ្នំពេញ៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានវាយ តម្លៃ ជាវិជ្ជមានចំពោះបេស ក កម្ម របស់ការិយាល័យ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជា ក្នុងរយៈពេលប្រមាណ៣០ឆ្នាំមកនេះ ជាពិសេស ការគាំទ្រលើការអភិវឌ្ឍនូវក្របខ័ណ្ឌច្បាប់ ព្រមទាំង ការផ្តល់អនុសាសន៍ល្អៗពាក់ព័ន្ធទិដ្ឋភាពសិទ្ធិមនុស្ស ចំពោះ សកម្មភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងជំនួបជាមួយលោកស្រី Roueida El Hage តំណាង ការិយាល័យ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស នារសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានថ្លែងអំណរគុណ OHCHR ដែលបានធ្វើការជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ព្រមទាំងដៃគូជាតិ និងអន្តរជាតិដទៃទៀតនៅកម្ពុជា ដើម្បីការពារ និងលើកកម្ពស់ សិទ្ធិមនុស្ស សំដៅគាំទ្រដល់ ការ ពង្រឹងសន្តិភាព និងដំណើរ ការ អភិវឌ្ឍប្រកបដោយបរិយាបន្ន។
ឯកឧត្តមអភិសន្តិបណ្ឌិត បានជម្រាបជូនលោកស្រី Roueida El Hage អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួម មានការដាក់ចេញនូវយន្តការច្បាប់នានា ក៏ដូចជាកិច្ចខិតខំ ប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ក្នុងការ កាត់បន្ថយស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារ រួម មាន ការកែលម្អលើហេដ្ឋារចនាសម្ព័ន្ធមណ្ឌលអប់រំកែប្រែ និង ពន្ធនាគារ ដែលជាដំណោះស្រាយចំពោះមុខ។
បើតាមប្រភពក្រសួងមហាផ្ទៃ លោកស្រី Roueida El Hage តំណាងការិយាល័យ OHCHR ប្រចាំកម្ពុជា បានជម្រាបជូន ឯកឧត្តមអភិសន្តិបណ្ឌិត អំពីការថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ ដែល តែងតែផ្ដល់កិច្ចសហការជាមួយ OHCHR និងបានអនុញ្ញាត ឱ្យប្រតិភូ OHCHR ចុះទស្សនកិច្ចតាមពន្ធនាគារ និងមណ្ឌល កែប្រែនានានៅក្នុងប្រទេសកម្ពុជា។
លោកស្រី ក៏បានគូសបញ្ជាក់នូវការត្រៀមខ្លួនជានិច្ចរបស់ OHCHR ក្នុងការគាំទ្រ ចំពោះរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកស្រី Roueida El Hage ក៏បានឯកភាពក្នុងការបន្តកិច្ចសហការ សំដៅកែលម្អបន្ថែម ទៀតលើកិច្ចការសិទ្ធិមនុស្ស និងកិច្ចការពន្ធនាគារដែលបាន ធ្វើក្នុងពេលកន្លងមកផងដែរ៕
ដោយ៖ គ្រី សម្បត្តិ