ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្ន ជឿជាក់ថា គណបក្ស ប្រជាជនកម្ពុជាយើង នឹងបន្តទទួលជ័យជម្នះ នៅក្នុងជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី ៤ ឆ្នាំ២០២៤នេះ

(ខេត្តកណ្តាល)៖ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ/សង្កាត់ ទូទាំងខេត្តកណ្តាល
នាថ្ងៃទី 11 ខែឧសភា ឆ្នាំ2024 ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ជឿជាក់ថា គណបក្ស ប្រជាជនកម្ពុជាយើង នឹងបន្តទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុន្នីរ័ត្នបានថ្លែងអំណរគុណចំពោះសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ/សង្កាត់គ្រប់រូបនៃគណបក្សប្រជាជនកម្ពុជា, ជាអង្គបោះឆ្នោត, ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា, ពិសេស បានបោះឆ្នោតគាំទ្រ សម្តេចតេជោ ហ៊ុន សែន, ប្រធានគណបក្ស, ធ្វើជាប្រធានព្រឹទ្ធសភា ផងដែរ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បញ្ជាក់ថា ក្នុងរយៈពេល ២៦ ឆ្នាំចុងក្រោយ, បន្ទាប់ពីការសម្រេចបាននូវសុខសន្តិភាព ពេញលេញ, ឯកភាពជាតិ និង ឯកភាពទឹកដីទាំងស្រុង តាមរយៈ នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ប្រធានគណបក្ស, កម្ពុជាធានាបាននូវអធិបតេយ្យជាតិ, សណ្តាប់ធ្នាប់សង្គម, សន្តិសុខ, សុវត្ថិភាព, និង ស្ថិរភាពនយោបាយ, ព្រមទាំងរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ ។ មិនតែប៉ុណ្ណោះ, កម្ពុជា បានផ្លាស់ប្តូរ មុខមាត់ថ្មីឡើងវិញ, បានកសាងនូវមូលដ្ឋានគ្រឹះរឹងមាំនៃសេដ្ឋកិច្ចជាតិ សម្រាប់ការអភិវឌ្ឍ និង បានលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនទូទាំងប្រទេស ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុន្នីរ័ត្ន បានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ, ស្វាហាប់, និង ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តី កម្ពុជា និង ជាអនុប្រធានគណបក្ស, ដោយឈរលើអភិក្រម «រក្សាសមិទ្ធផលចាស់, បង្កើតសមិទ្ធផលថ្មី» និង «គិតគូរជាសកល, ប៉ុន្តែ អនុវត្តតាមបរិការណ៍ក្នុងប្រទេស», រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា បាន និង កំពុង បន្តខិតខំដោះស្រាយបញ្ហាប្រឈមនានា, និង ជាពិសេស, ចាប់ឱ្យជាប់នូវកាលានុវត្តភាពដែលផុសឡើង, ក្នុងបរិការណ៍នៃការផ្លាស់ប្តូរ យ៉ាងរហ័សនៃស្ថានភាពសង្គម-សេដ្ឋកិច្ច តំបន់ និង សកល ៕

ប្រភព ៖ ក្រុមបក្ស ខេត្តកណ្តាល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner