កូរ៉េខាងជើង ពង្រាយគ្រាប់រ៉ុក្កែតបាញ់ចម្ងាយឆ្ងាយ ប្រភេទថ្មី
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ បានរាយការណ៍ថា រដ្ឋបាលទីក្រុងព្យុងយ៉ាងនឹងបំពាក់ប្រព័ន្ធរ៉ុក្កែតបាញ់ចម្ងាយឆ្ងាយថ្មី ប្រភេទ ២៤០មីលីម៉ែត្រ ជំនួសប្រព័ន្ធចាស់ៗ ចាប់ពីឆ្នាំនេះ ដល់ ឆ្នាំ២០២៦។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា ថ្មីៗនេះ មេដឹកនាំកំពូលលោក គីម ជុងអ៊ុន ទើបបានចុះពិនិត្យការបាញ់តេស្តប្រព័ន្ធរ៉ុក្កែត ប្រភេទនេះ។ កាលពីខែកុម្ភៈ ទីក្រុងព្យុងយ៉ាង ក៏បានប្រកាសឱ្យដឹងថា ខ្លួនបានអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងថ្មីមួយ សម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ប្រភេទ២៤០មីលីម៉ែត្រ ហើយកាលពីខែមេសា បានធ្វើតេស្តបាញ់ ក្បាលគ្រាប់រ៉ុក្កែត ប្រភេទថ្មីនេះ។
អ្នកវិភាគមើលឃើញថា កូរ៉េខាងជើងអាចកំពុងតែប្រឹងប្រែងធ្វើតេស្ត ក៏ដូចជា បង្កើនការផលិតប្រព័ន្ធរ៉ុក្កែតនិងមីស៉ីលគ្រូស មុនពេលបញ្ជូនពួកវាទៅឱ្យប្រទេសរុស្ស៉ី សម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន។
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចោទប្រកាន់កូរ៉េខាងជើងថា ជាអ្នកផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី ទោះបីជាមានការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ហាមឃាត់សកម្មភាពបែបនេះក៏ដោយ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត