សត្វព្រៃកូស្តារីកា ៣០០ក្បាល ផ្ទេរចេញពីសួនសត្វ ដែលបិទទ្វា
សាន់ហ្ស៊ូស៊េ៖ មន្ត្រីប៉ូលីស ពេទ្យសត្វ និងមន្ត្រីក្រសួងបរិស្ថាន នៃប្រទេស កូស្តា រីកា កាលពីថ្ងៃសៅរ៍ បានផ្ទេរសត្វព្រៃជិត ៣០០ ក្បាល ពីសួនសត្វ Simon Bolivar ស្ថិតក្នុងរដ្ឋធានី សាន់ហ្ស៊ូស៊េ ទៅកាន់មជ្ឈមណ្ឌលសង្គ្រោះ បន្ទាប់ពីសួនសត្វរបស់រដ្ឋមួយនេះ ត្រូវបិទទ្វា យោងតាមច្បាប់ការពារសត្វព្រៃ ដែលទើបត្រូវបានអនុម័ត។
លោក Franz Tattenbach រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃប្រទេសកូស្តារីកា បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន នៅខាងក្រៅសួនសត្វថា «យើងបានក្លាយជាប្រទេសដែលគ្មានសួនសត្វរបស់រដ្ឋ ហើយជាមួយនឹងចក្ខុវិស័យ ឆ្ពោះទៅរកជម្រក និងមជ្ឈមណ្ឌលសង្គ្រោះ តែប៉ុណ្ណោះ»។
ប្រទេសស្ថិតក្នុងតំបន់អាមេរិកកណ្តាលមួយនេះបានបិទទ្វា ជាផ្លូវការ នូវសួនសត្វរដ្ឋ ចំនួនពីរ ហើយតម្រូវឲ្យផ្ទេរសត្វទៅកាន់មជ្ឈមណ្ឌលសង្គ្រោះមួយ ដើម្បីតស៊ូមតិសម្រាប់ការអភិរក្សប្រភេទសត្វព្រៃ នៅក្នុងជម្រកធម្មជាតិរបស់ពួកគេ ឆ្ងាយពីការបង្ខាំង និងការតាំងពិពណ៌ ផ្សេងៗ។
កូស្តារីកាគឺជាប្រទេសសម្បូរជីវចម្រុះបំផុតមួយ ក្នុងពិភពលោក ដោយសារតែកិច្ចខិតខំប្រឹងប្រែងអភិរក្ស ក្នុងនោះ មានប្រមាណ ៤០ប្រភេទ រួមមានទាំង កង្កែបភ្នែកក្រហម, សត្វត្មាតពណ៌ស, ក្រសាពណ៌ផ្កាឈូក ព្រមទាំង មេអំបៅពណ៌ខៀវ Morpho ជាដើម នេះបើតាមគេហទំព័រ Travel Lemming ចេញផ្សាយ កាលពីខែមករា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


