ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យរួមគ្នាទប់ស្កាត់លើការបំភាន់បំភ្លៃព័ត៌មានមិនពិតនានា សម្រាប់ជំរុញដល់កិច្ចអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែងក្នុងខេត្តសៀមរាប

(សៀមរាប)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យរួមគ្នាទប់ស្កាត់លើការបំភាន់បំភ្លៃព័ត៌មានមិនពិតនានា ដើម្បីជាបច្ច័យល្អសម្រាប់ជំរុញដល់កិច្ចអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែងក្នុងខេត្តសៀមរាបស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការថ្លែងនេះក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែងក្នុងខេត្តសៀមរាប នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីអន្តរក្រសួងដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតព្រមទាំងអភិបាលខេត្ត និងអាជ្ញាធរជាតិអប្សរាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា កិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យមានការឯកភាពគ្នា រួមគ្នាគិត រួមគ្នាទទួលខុសត្រូវ និងរកដំណោះស្រាយលើបញ្ហានានាដែលកើតមានឡើងក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែងក្នុងខេត្តសៀមរាប ក្នុងនោះមាន ការភាន់ច្រឡំផ្នែកបច្ចេកទេសលើការបើកប្រាក់ឧបត្ថម្ភប្រចាំខែមានការយឺតយ៉ាវ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ការភាន់ច្រឡំលើការហាមឃាត់ការចាក់ដីបំពេញបន្ថែម និងបញ្ហានានាមួយចំនួនទៀត។ ក្នុងន័យនេះ យើងទាំងអស់គ្នាត្រូវទប់ស្កាត់លើការបំភាន់បំភ្លៃព័ត៌មានមិនពិតដោយចេតនាក្តី ឬអចេតនាក្តី ដើម្បីជាបច្ច័យល្អសម្រាប់ជំរុញដល់កិច្ចអភិវឌ្ឍន៍តំបន់រុនតាឯកនិងពាក់ស្នែងស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យអង្គប្រជុំពិភាក្សាគ្នាកំណត់ឱ្យច្បាស់លាស់ចំពោះទិសដៅការងារនិងការរៀបចំក្រុងប្រកបដោយហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដើម្បីឱ្យប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ប្ដូរទីលំនៅមករស់នៅទីតាំងថ្មីក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែងនេះងាយស្រួលរស់នៅនិងបង្កើនជីវភាពគ្រួសារឱ្យប្រសើរឡើង។

ជាមួយនេះអាជ្ញាធរមូលដ្ឋានភូមិឃុំត្រូវរៀបចំផែនទីបែងចែកព្រំប្រទល់កំណត់តំបន់នីមួយៗឱ្យបានច្បាស់លាស់ រីឯគណៈកម្មាធិការដីសម្បទានសង្គមកិច្ចត្រូវសម្រួចមុខងារតួនាទីភារកិច្ចរបស់ខ្លួនបន្ថែមទៀត ហើយក្រុមការងារត្រូវគិតគូរទាំងបច្ចេកទេស នយោបាយនិងថវិកា ដើម្បីជំរុញពន្លឿនការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នាពេលឆាប់ៗខាងមុខនេះសំដៅបញ្ចប់វិវាទនានាផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន ដើម្បីសម្រេចនូវគោលដៅក្នុងការចុះបញ្ជីដីបង្ហើយតាមផែនការដែលបានកំណត់ក្នុងនីតិកាលទី៧ នេះ សំដៅបង្កើតបរិយាកាសមិនមានវិវាទដីធ្លីនៅក្នុងប្រទេសកម្ពុជា និងពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ ព្រមទាំងជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner