UN បោះឆ្នោតគាំទ្រ ប៉ាឡេស្ទីន ក្លាយជាសមាជិកខ្លួន

បរទេស៖ មហាសន្និបាតអង្គការសហប្រជាជាតិ ហៅកាត់ UN បានបោះឆ្នោតភ្លូកទឹក ភ្លូកដី ផ្តល់ «សិទ្ធិ និងឯកសិទ្ធិ»ថ្មី ដល់ប៉ាឡេស្ទីន ក្នុងការក្លាយជាសមាជិកទី១៩៤ នៃអង្គការសហប្រជាជាតិ។

ស្ថាប័នពិភពលោកមួយនេះ បានអនុម័ត ជាមួយនឹងសម្លេងឆ្នោតគាំទ្រ ១៤៣ ទល់នឹង ៩សម្លេង និងអនុប្បវាទ ២៥សម្លេង អំឡុងការបោះឆ្នោត កាលពីថ្ងៃសុក្រ។ ប៉ុន្តែ សហរដ្ឋអាមេរិកបានបោះឆ្នោតប្រឆាំង រួមជាមួយនឹងអ៊ីស្រាអែល អាហ្សង់ទីន ព្រមទាំងប្រទេសមួយចំនួនទៀត។

ការបោះឆ្នោតនេះបានកើតមានឡើង ស្របពេលដែលប្រទេសជាច្រើនខឹងសម្បារចំពោះការកើនឡើងចំនួនអ្នកស្លាប់ នៅក្នុងតំបន់ហ្គាហ្សា និងការភ័យខ្លាចចំពោះការវាយលុកដ៏ធំ របស់អ៊ីស្រាអែល នៅទីក្រុង Rafah ជាតំបន់ដែលមានប្រជាជនប៉ាឡេស្ទីន ប្រហែល ១.៣ លាននាក់ ជ្រកកោន ដើម្បីសុវត្ថិភាព ពីជម្លោះរវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធហាម៉ាស់ ជាង៧ខែមកនេះ។

យ៉ាងណាមិញ យោងតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ប៉ាឡេស្ទីនអាចក្លាយជាសមាជិកពេញសិទ្ធិ របស់អង្គការសហប្រជាជាតិបាន លុះត្រាតែឆ្លងកាត់ការសម្រេចចុងក្រោយរបស់ ក្រុមប្រឹក្សាសន្តិសុខរបស់អង្គសហប្រជាជាតិ ជាមុនសិន។

ភាគីអាមេរិកបានបញ្ជាក់ នាពេលនោះថា ខ្លួននឹងរារាំងសមាជិកភាព និងភាពជារដ្ឋ របស់ប៉ាឡេស្ទីន រហូតទាល់តែមានការចរចាដោយផ្ទាល់ ជាមួយអ៊ីស្រាអែល ដោះស្រាយបញ្ហាសំខាន់ៗ រួមទាំងសន្តិសុខ ព្រំដែន និងអនាគត នៃក្រុងហ្សេរុយសាឡឹម ជាមុនសិន ទើបឈានទៅរកដំណោះស្រាយ «រដ្ឋពីរ» បែបនេះ។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល បានសម្តែងការមិនពេញចិត្ត និងហួសចិត្ត នឹងលទ្ធផល កើតចេញពីការបោះឆ្នោត នាពេលនោះ។

គួរបញ្ជាក់ថា ប៉ាឡេស្ទីនបានក្លាយជារដ្ឋសង្កេតការណ៍ ក្នុងឆ្នាំ ២០១២ មុនពេលប៉ុនប៉ងក្លាយជាសមាជិកពេញសិទ្ធិ ក្នុងពេលនេះ៕

ប្រភពពី AP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner