ឡាវបានប្រគល់ដំរី មួយគូដល់កម្ពុជា ដើម្បីជានិមិត្តរូបចំណងមិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជាតិទាំង២

(ភ្នំពេញ)៖ ប្រទេសឡាវបានធ្វើការប្រគល់ដំរីញីឈ្មោលមួយគូដែលមានឈ្មោះថាចំប៉ា និងរំដួល ដែលប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្វាយ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជានិមិត្តរូបចំណងមិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជាតិទាំងពីរ។

ពិធីប្រគល់សត្វដំរីមួយគូនេះដែរក្រោមអធិបតីភាពពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ក្នុងឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»។

គួរបញ្ជាក់ថាសត្វដំរីញី-ឈ្មោលមួយគូនេះ មានប្រភពមកពីស្រុក Thongmixay ខេត្ត Xaigna-bouli សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលក្នុងនេះ ដំរីញីឈ្មោះ «រំដួល» កើតនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ អាយុ ៣ឆ្នាំ ៩ខែនិងចំណែកដំរីឈ្មោល ឈ្មោះ «ចំប៉ា» កើតនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ អាយុ ៣ឆ្នាំ ៧ខែ។

ប្រភពពីក្រសួងកសិកម្មបានឱ្យដឹងថា ក្រសួងបានរៀបចំសាងសង់តុបតែងទ្រុងនៅ ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» សម្រាប់ដំរីមួយគូនេះ។ ទ្រុងវាត្រូវបានសាងសង់ យ៉ាងសម្រិតសម្រាំង និងធំទូលាយ មានទំហំបណ្តោយ៥០ម៉ែត្រ ទទឹង៣០ម៉ែត្រ និងកម្ពស់១,៣ម៉ែត្រ ជាមួយនឹងរោងសម្រាប់ដំរី ដេកទំហំបណ្តោយ ១២ម៉ែត្រ និងទទឹង ៦ម៉ែត្រ និងអាងទឹកមួយនៅក្នុងទ្រុងនេះផងដែរ ដើម្បីឱ្យដំរីត្រាំ និងលេងទឹកនៅក្នុងតំបន់ព្រៃឈើ សមស្រប តាមលក្ខណៈជីវសាស្រ្តរបស់សត្វដំរី អាស៊ីដែលរស់នៅស្រដៀងទៅនឹងព្រៃធម្មជាតិ និងមានសុខុមាលភាពល្អ។

លើសពីនេះ ភាគីឡាវបានបញ្ចូនហ្មដំរីចំនួន ២នាក់ «លោក SAK SI OUBON និងលោក VILAI XAINGAVONG» ដើម្បីជួយមើលថែរក្សាសត្វដំរីមួយគូនេះ ក្នុងរយៈពេល៦ខែ នៅក្នុងតំបន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»។ បុគ្គលិក និងបសុពេទ្យភាគីកម្ពុជា ដែលពោរពេញទៅដោយបទពិសោធន៍ នឹងថែទាំពិនិត្យសុខភាព និងផ្តល់ ចំណីឱ្យបានគ្រប់គ្រាន់ ដោយធ្វើយ៉ាងណាឱ្យសត្វដំរីទាំងពីរមានសុខុមាលភាពល្អ។

សម្រាប់បច្ចុប្បន្នេះដែរឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» មានសត្វដំរីញី-ឈ្មោលចំនួន ៤ក្បាលស្រាប់ក្នុងនោះញី២ក្បាល «ដំរីញី១ក្បាលឈ្មោះឡាក់គីមានអាយុ២៥ឆ្នាំ និង០១ក្បាលទៀតឈ្មោះចំរើនមានអាយុ៣៥ឆ្នាំ» និងឈ្មោល២ក្បាល «ដំរីឈ្មោល ០១ក្បាលឈ្មោះឈូកអាយុ ១៨ឆ្នាំ និង០១ក្បាលទៀត ឈ្មោះសាគរមានអាយុ៣២ឆ្នាំ» ដែលកំពុងត្រូវបានថែទាំ និងផ្តល់ចំណីបានយ៉ាងល្អប្រសើរ ហើយដំរីទាំងពីរក្បាលដែលជាអំណោយរបស់ភាគីឡាវ នឹងត្រូវថែរក្សាជាមួយនឹងដំរីទាំង៤ក្បាលរបស់ ឧទ្យានសួនសត្វ។

សូមរំលឹកផងថា នាឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា នាថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ លោក Thongloun SISOULITH ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្វាយនូវតង្វាយសត្វដំរីចំនួនមួយគូ «ញីមួយ និងឈ្មោលមួយ» ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីជានិមិត្តរូបនៃចំណងសាមគ្គីភាពរវាង រដ្ឋាភិបាល និងប្រជាជាតិទាំងពីរ ហើយព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យដោយសេចក្តីសោមនស្សជាអនេកទទួលតង្វាយសត្វដំរីមួយគូនេះ និងប្រោសព្រះរាជប្រទានជូនមករាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹកនាំចាត់ចែងរៀបចំពិធីប្រគល់-ទទួល និងទទួលចិញ្ចឹមថែរក្សាជាបន្ត ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner