ជនពិការ ៖ ទោះទីផ្សារចង្អៀតបន្តិចពិតមែន តែមិនអស់សង្ឃឹម និង ស្នើសុំឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសបើកចិត្តទូលាយចំពោះជនពិការ

(ភ្នំពេញ)៖ បើទោះបីកើតមកមាន ពិការភាព និងមួយចំនួនទៀតព្រោះតែកើត ឧប្បត្តិហេតុ នាំធ្លាក់ខ្លួនពិការក្តី ប៉ុន្តែ ជនពិការ មិនអស់សង្ឃឹម និង ធ្លាក់ទឹកចិត្ត នោះឡើយ ពួកគេ នៅតែ ខិតខំ ស្វះស្វែង រកការងារធ្វើដើម្បីចិញ្ចឹមជីវិតដូចមនុស្សទូទៅផងដែរ។

ក្នុងពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពដ៏ធំ ដែលរៀបចំឡើងចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ជនពិការមួយចំនួនបានបង្ហាញពីការមានបំណងចង់បានការងារធ្វើ និងពិសេសបានស្នើដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស នានាត្រូវបើកចិត្តទូលាយក្នុងការទទួលជនពិការ។

លោក ម៉ុក ក្រឹម ជាជនពិការជើង នៅតែលើរទេះមួយរូប រស់នៅ ស្រុក បាទី ខេត្ត តាកែវ បានលើកឡើងដោយសំណូមពរឱ្យរោងចក្រនានាទទួលរូបលោកចូលធ្វើការដើម្បីបានថវិការចិញ្ចឹមជីវិត។មកដល់ពេលនេះរូបលោកពុំមានការងារធ្វើឱ្យលំនឹងទេ ហេតុនេះបន្ទុកការចាយវាយស្ថិតនៅលើឪពុកម្តាយ និងបងប្អូន ។

ស្ថិតក្នុងវ័យ ៣៤ឆ្នាំដែលជាជនពិការពីកំណើតមកបុរសរូបនេះបានលើកឡើងពីកន្លងមកមានការរើសអើងជនពិការក្នុងការឱ្យចូលធ្វើការងារ តែពេលនេះរូបលោកមិនអស់សង្ឃឹមពេកទេដោយសារក្រុមហ៊ុន រោងចក្រ សហគ្រាសមួយចំនួនបានបើកទូលាយជាងមុនក្នុងការទទួលជនពិការឱ្យចូលធ្វើការ។

អ្នកស្រី ឌឹម គន្ធា ជាជនជនមានពិការជើង រស់នៅភូមិកណ្ដាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាលដែលរៀនបញ្ចប់ដាក់បរិញ្ញាបត្រក្នុងរាជធានីភ្នំពេញមួយរូបបានលើកឡើងថាអ្នកស្រីធ្លាប់ធ្វើការងារក្រុមហ៊ុនកន្លងមកផងដែរ។សម្រាប់ថ្ងៃនេះអ្នកស្រីចង់បានការងារថ្មីដែលល្អប្រសើរជាងមុន។

ស្រ្តីរូបនេះបានលើកឡើងថាជនពិការក៏មានសមត្ថភាពក្នុងការបំពេញការងារដូចមនុស្សទូទៅដែរ ។ពួកគេត្រូវការថវិការចិញ្ចឹមជីវិត ហេតុនេះក្រុមហ៊ុននានាត្រូវបើកចិត្តទូលាយ មិនត្រូវរើសអើងជនពិការនោះឡើយ។

អ្នកស្រី ឈឺន ទេវី មន្រ្តីជំនួយការកម្មវិធី និងហិរញ្ញវត្ថុនៃអង្គការសកម្មភាពប្រជាជន ដើម្បីការអភិវឌ្ឍន៍បរិយាបន្ន បានបញ្ជាក់ប្រាប់ថា អង្គការបានសម្របសម្រួលបងប្អូនជនពិការភាពមកដាក់ពាក្យនៅក្នុងពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពដ៏ធំនេះ គឺមានការយកចិត្ដដាក់ខ្លាំងជាមួយជនមានពិការភាព ដើម្បីណែនាំធ្វើបទសម្ភាសន៍ដោយផ្ទាល់ និងសម្ភាសន៍ភ្លាមជាប់ភ្លាមផងដែរ។

អ្នកស្រីថាបច្ចុប្បន្នសម្រាប់ជនពិការឱកាសរកការងារធ្វើជួបការលំបាកមួយចំនួនផងដែរ ។សម្រាប់ជនពិការ បច្ចុប្បន្នភាគច្រើនមានសមត្ថភាព និងពួកគេក៏អាចបំពេញការងារមិនចាញ់មនុស្សទូទៅនោះទេ។ហេតុនេះក្រុមហ៊ុនគួរតែផ្តល់ឱកាសដល់ជនពិការ។

ដោយឡែក លោក ផង់ សូផាន់ណារ៉ា តំណាងក្រុមហ៊ុនមីនេបៀ ខេមបូឌា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានឱ្យដឹងថា ក្រុមហ៊ុនកំពុងរង់ចាំទទួល ពាក្យស្នើសុំការងារពីសំណាក់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ដោយក្នុងក្រុមហ៊ុនកំពុងត្រូវការបុគ្គលិកជាច្រើននាក់ លើជំនាញបច្ចេកទេសជាច្រើនជំនាញ ដើម្បីបំពេញតម្រូវការការងារក្នុងក្រុមហ៊ុន ដោយមិនថា ជនមានពិការភាពនោះទេ។

លោកស្រី អ៊ូច ជាច័ន្ទម៉ូលីកា ប្រធានស្ដីទីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថាបច្ចុប្បន្ននេះ គឺមានក្រុមហ៊ុនជាច្រើន កំពុងមានបុគ្គលិកជាជនមានពិការភាពបំពេញការងារប្រចាំថ្ងៃផងដែរ។

គួរបញ្ជាក់ថាបើតាមឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងនាកន្លងមក ថាក្រសួងនឹងធ្វើការជាមួយដៃគូពាក់ព័ន្ធដើម្បីជំរុញឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសទទួលយកជនមានពិការភាពឱ្យបាន៣ភាគរយចូលក្នុងប្រតិបត្តិការ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏ តែងតែផ្តោតការយកចិត្តទុកដាក់គិតគូរអំពីការងារពិការភាព ក្រោមចក្ខុវិស័យធ្វើយ៉ាងណាឲ្យជនមានពិការភាព មានគុណភាពជីវិតល្អ ចូលរួមយ៉ាងសកម្ម ស្មើភាព និងពេញលេញនៅក្នុងសង្គម ដែលមានការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងការធ្វើបរិយាបន្នពិការភាពទៅក្នុងគ្រប់វិស័យ និងការអភិវឌ្ឍ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វ៉េង លឹមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner