សម្តេច ម៉ែន សំអន បន្តសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ចំនួន៣ ក្រុង ស្រុកនៅខេត្តស្វាយរៀង

(ស្វាយរៀង)៖ គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ពិសេសអង្គបោះឆ្នោត ត្រូវបន្តសាមគ្គីភាព ដោយទទួលខុសត្រូវខ្ពស់ បន្តថែរក្សាសុខភាព និងប្រុងប្រយ័ត្នចំពោះ ឯកសារបោះឆ្នោត បន្តរួមគ្នាអនុវត្តផែនការឆ្ពោះទៅដណ្តើមបាននូវជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីបន្តជំរុញ និងលើកកម្ពស់ដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា និងចូលរួម ទាំងអស់គ្នាអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបន្ត ពង្រឹងបាន នូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ សង្គមលើគ្រប់វិស័យ នាំមកវិបុលសុខ វិបុលភាពជូនប្រជាពលរដ្ឋយើង ។

នេះគឺជាការលើកឡើងរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង នាព្រឹកថ្ងៃទី១២ ខែឧសភាឆ្នាំ២០២៤ ក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកកំពង់រោទិ៍ ក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានសមាសភាពចូលរួមជាង ៥០០នាក់ ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពរជ័យ ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសូមថ្លែងអំណអរគុណ កោតសរសើរវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង សាមគ្គីភាព ការទទួលខុសត្រូវរបស់ ក្រុមការងារគ្រប់ថ្នាក់ដែលបានរួមគ្នាអនុវត្តបាននូវរាល់ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក រួមជាមួយនឹងការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្រោមការដឹកនាំរបស់គណបក្ស និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កន្លងទៅថ្មីៗនេះ ចូលរួមធ្វើឱ្យ គណបក្សប្រជាជនកម្ពុជាដណ្តើមបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោត ដ៏មានសារសំខាន់នេះ ។

សូមបញ្ជាក់ថា យោងតាមលទ្ធផលផ្លូវការនៃការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត នៅទូទាំងប្រទេស មាន ក្រុង ស្រុក ខណ្ឌចំនួន ២០៩ ឃុំ សង្កាត់ ១.៦៥២ ការិយាល័យបោះឆ្នោត ២០៩ ចំនួន អង្គបោះឆ្នោត ១១.៦២២នាក់ ស្ត្រី ២.៥៧៤នាក់ ដោយឡែកសម្រាប់ខេត្តស្វាយរៀង  មាន ៨ ក្រុង ស្រុក ៨០ ឃុំ សង្កាត់ សមាជិកអង្គបោះឆ្នោត ៥១៨នាក់ និងស្ត្រី ១៣០នាក់៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner