មេបញ្ជាការកងទ័ពជើងគោក៖ត្រូវអនុវត្តបទបញ្ជាដោយមិនលើកលែងចំពោះជនដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ
កំពង់ធំ៖មេបញ្ជាការកងទ័ពជើងគោកបានណែនាំដល់បណ្ដាមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដោយមិនត្រូវលើកលែង ឬយោគយល់ ចំពោះជនទាំងឡាយណា ដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាតំណាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងដូច្នេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាប្រមុខរាជរដ្ឋាភិបាលស្តីពីការការពារទប់ស្តាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅទីបញ្ជាការយោធភូមិភាគទី៤ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ។
ឧត្តមសេនីយ៍ត្រី ង៉ែត សុវណ្ណអរុណដេត នាយការិយាល័យទី៣ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក បានអានបទបញ្ជាលេខ០១៣ ប.ជ ២០២៤ របស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ស្តីពីការប្រើប្រាស់កងយោធពលខេមរភូមិន្ទ ចូលរួមសហប្រតិបត្តិការ តាមការស្នើសុំរបស់ស្ថាប័ន បរិស្ថាន រដ្ឋបាលព្រៃឈើ និងស្ថាប័នដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិឱ្យទាន់ពេលវេលានិងមានប្រសិទ្ធភាព ។
ក្នុងកិច្ចប្រជុំដដែលនេះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានបង្ហាញលទ្ធផលនៃកិច្ចប្រតិបត្តិការដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប រយៈពេល១០ថ្ងៃក្រោមការដឹកនាំរបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំដោយបានរឹបអូសយកដីព្រៃ ដែលជនល្មើសបានកាប់ទន្រ្ទានយកជាច្រើនរយហិកតា និងបានបំផ្លាញដំណាំកៅស៊ូ និងដំណាំស្វាយចន្ទី ដែលបានដាំដុះរួចហើយបានរាប់ម៉ឺនដើម។ជនល្មើសចំនួនប្រាំនាក់កំពុងប្រព្រឹត្តបទល្មើសត្រូវបានចាប់ខ្លួន ព្រមទាំងវត្ថុតាងជាច្រើនបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានកោតសរសើរចំពោះលទ្ធផលដែលសម្រេចបាន។នាយឧត្តមសេនីយ៍ ក៏បានប្រគល់ភារកិច្ចសំខាន់ៗ ជូនឯកឧត្តមអភិបាលខេត្តទាំងបួន មាន ខេត្តព្រះវិហារ កំពង់ធំ សៀមរាប និងខេត្តឧត្តរមានជ័យ ,មេបញ្ជាការគ្រប់បណ្ដាកងឯកភាពក្នុងទិសយោធភូមិភាគទី៤ ព្រះរាជអាជ្ញា ប្រធានសាលាដំបូង និងបណ្ដាមន្ទីរ ស្ថាប័ន អង្គភាព ពាក់ព័ន្ធទាំងអស់ ត្រូវគោរពប្រតិបត្តិនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងប្រមុខអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទឱ្យទទួលបានជោគជ័យ ។លោកបានដាក់បញ្ជាថា ត្រូវអនុវត្តដោយមិនត្រូវលើកលែង ឬយោគយល់ ចំពោះជនទាំងឡាយណា ដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ ជាដាច់ខាតទោះបីក្នុងតម្លៃណាក៏ដោយ ដើម្បីថែរក្សាគ្រប់គ្រងធនធានធម្មជាតិឱ្យនៅគង់វង្សជាយូរអង្វែងតទៅ ៕
ដោយ៖ ប៊ុន រដ្ឋា