កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធយុទ្ធផ្តោតលើការប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌
ភ្នំពេញ៖ កងទ័ពកម្ពុជា និង កងទ័ពប្រជាជន ចិន សរុបជាង ២ ០០០នាក់ នឹងធ្វើសមយុទ្ធ រួម គ្នា នៅពាក់កណ្ដាលខែឧសភានេះ។ សមយុទ្ធដែល មាន ឈ្មោះថា នាគមាស ឆ្នាំ២០២៤ ផ្តោត លើ សកម្មភាព ប្រឆាំង អំពើភេរវកម្ម និង ការងារមនុស្សធម៌។
ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី ១៣ ខែឧសភានេះថា សមយុទ្ធនឹង ត្រូវ ចាប់ ផ្តើម នៅថ្ងៃទី ១៦ ឧសភា សម្រាប់ រយៈពេល ១៥ ថ្ងៃ នៅ លើ ដែន សមុទ្រ ខេត្ត ព្រះសីហនុ និងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្នុងខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បន្ថែមថា កងទ័ពកម្ពុជាចំនួន ១ ៣១៥នាក់ និងកងទ័ពចិនចំនួន ៧៦០នាក់ នឹង ធ្វើសមយុទ្ធនៅលើគោក ដោយ ប្រើ ប្រាស់ រថពាសដែក និងយន្តយុទ្ធ ចំនួន ៦៩គ្រឿង រួមទាំងបរិក្ខារស៊ើបការណ៍ បរិការណ៍បោសសម្អាតជាតិផ្ទុះ និងបរិក្ខារបញ្ជូនសារជាច្រើនឈុតថែមទៀត។ ចំណែកឯសមយុទ្ធនៅលើផ្ទៃសមុទ្រ ក្នុងខេត្តព្រះសីហនុវិញ មាននាវាចូលរួមសរុប ១៤គ្រឿង និងឧទ្ធម្ភាគចក្រ ២គ្រឿង។
ឧត្តម សេនីយ៍ទោ ថោង សូលីម៉ូ បញ្ជាក់ ថា សមុទ្ធនាគមាស ឆ្នាំ ២០២៤ ផ្ដោតលើការប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌ និងយុទ្ធវិធីទប់ទល់ការវាយប្រហារដោយដ្រូន ដើម្បីដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក រវាងកងទ័ពប្រទេសទាំងពីរ ក៏ដូចជាដើម្បីពង្រឹងសន្តិសុខ ទប់ស្កាត់អំពើភេរវកម្ម នៅក្នុងប្រទេសនីមួយៗ នៅក្នុងតំបន់ផងដែរ។
នេះ គឺជា សម យុទ្ធ លើ ក ទី ៦ រវាង កងទ័ព កម្ពុជា និង កងទ័ព ប្រជាជន ចិន។ ហើយ ក្នុង ពេលខាង មុខ កម្ពុជា ក៏មានគម្រោងធ្វើសមយុទ្ធជាមួយប្រទេសវៀតណាម និងឡាវផងដែរ។ សមយុទ្ធ នោះ នឹង ផ្តោតទៅលើកិច្ចការងារសង្រ្គោះគ្រោះមហ ន្ដរាយ។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញផ្នែកភូមិសាស្រ្ដនយោបាយ មានប្រសាសន៍ថា ការធ្វើសមយុទ្ធកម្ពុជា-ចិន ឬសមយុទ្ធជាមួយបណ្ដាប្រទេសផ្សេងទៀត សុទ្ធតែមានផលប្រយោជន៍ ជួយបង្កើនសមត្ថភាពយោធារបស់កម្ពុជា។ ចំពោះការធ្វើសមយុទ្ធនាគមាសឆ្នាំ ២០២៤នេះ ក៏បានបង្ហាញអំពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន កាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដូចដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ តែងតែលើកឡើង។
លោកបណ្ឌិត យង់ ពៅ ជឿថា តាមរយៈសមយុទ្ធនេះ កងទ័ពកម្ពុជា នឹងទទួលបានការយល់ដឹងអំពីការប្រើប្រាស់យុទ្ធោបករណ៍ទំនើបៗ ដែលកងទ័ពចិនបានបញ្ជូនមក៕
ដោយៈឃួន សុភក្ត្រ(អប្សរាយប់នេះ)