ត្រឹម៣ខែ Honda ចំណេញជាង ៧ពាន់លានដុល្លារ
តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda នាពេលថ្មីៗនេះ បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធជាង ៧ពាន់លានដុល្លារ កើនឡើង ៧០ភាគរយ គិតត្រឹមខែមីនាឆ្នាំ២០២៤។
ការបញ្ចេញរបាយការណ៍នេះ កើតឡើងពីរសប្តាហ៍បន្ទាប់ពីក្រុមហ៊ុន Honda បានប្រកាសពីការវិនិយោគដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកាណាដា សាងសង់រោងចក្រដំឡើងអាគុយឡានអគ្គិសនី និងឡានថ្មីៗ មានតម្លៃ ១១ពាន់លានដុល្លារ។
ក្រុមហ៊ុន Honda ក៏បានអះអាងដែរថា ខ្លួនបានចំណាយប្រាក់យ៉ាងច្រើន ដើម្បីឈានដល់គោលដៅដែលបានកំណត់កាលពី ៣ឆ្នាំមុន នោះគឺការលក់រថយន្តអគ្គិសនីសុទ្ធ ១០០ភាគរយនៅត្រឹមឆ្នាំ២០៤០។
កន្លងមក ក្រុមហ៊ុន Honda បានចាប់ដៃគូផលិតឡានអគ្គិសនីជាមួយក្រុមហ៊ុន Sony រួចហើយ ហើយកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Nissan ដើម្បីដណ្តើមទីផ្សារឡានអគ្គិសនីជាមួយដៃគូប្រកួតប្រជែងមកពីចិន។
សម្រាប់ឆ្នាំ២០២៥ ក្រុមហ៊ុន Honda រំពឹងថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួន នឹងមានជាង ៦ពាន់លានដុល្លារ ធ្លាក់ចុះចំនួន ៩.៧ភាគរយ។ Honda ក៏បាននិយាយដែរថា ការលក់រថយន្តនៅសហរដ្ឋអាមេរិក និងទីផ្សារជប៉ុនត្រូវបានរំពឹងថានឹងកើនឡើង ហើយខ្លួនក៏បានព្យាករណ៍ដែរថា ការលក់នៅអាស៊ីនឹងប្រសើរជាងមុន៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា