៤ខែដើមឆ្នាំ កាណាដាបង្កើតការងារបន្ថែមដល់ពលរដ្ឋចំនួន ៩ម៉ឺននាក់

អូតាវ៉ា៖ ទីភ្នាក់ងារស្ថិតិជាតិ បានរាយការណ៍ថ្មីៗនេះថា ប្រទេសកាណាដាបានបង្កើតការងារថ្មីបន្ថែមចំនួន ៩០,០០០នាក់នៅក្នុងខែមេសា ដែលភាគច្រើនជាការងារក្រៅម៉ោង ប៉ុន្តែអត្រាអ្នកគ្មានការងារធ្វើនៅតែមិនផ្លាស់ប្តូរ ពោលគឺនៅត្រឹម ៦.១ភាគរយ។

អ្នកវិភាគនៅក្រុមហ៊ុន Desjardins លោក Royce Mendes បាននិយាយនៅក្នុងកំណត់ត្រាស្រាវជ្រាវមួយថា ការជួលបុគ្គលិកបានកើនឡើងនៅក្នុងខែមេសាឆ្នាំនេះ ប៉ុន្តែកំណើនប្រជាជនក៏ដូចគ្នាដែរ ដោយធ្វើឱ្យតម្រូវការ និងការផ្គត់ផ្គង់នៅក្នុងទីផ្សារការងារមិនផ្លាស់ប្តូរ។

លោកបានគូសបញ្ជាក់ថា វិស័យឯកជនបានចូលរួមចំណែកច្រើនបំផុត ចំពោះការបង្កើតការងារថ្មី ប៉ុន្តែទាំងវិស័យសាធារណៈ និងការបង្កើតការងារផ្ទាល់ខ្លួនក៏កើនឡើងដែរ។

អ្នកសេដ្ឋកិច្ចភាគច្រើនរំពឹងថា ធនាគារកណ្តាលកាណាដានឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែមិថុនាខាងមុខ បន្ទាប់ពីការកើនឡើងយ៉ាងគំហុកក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីព្យាយាមទប់ទល់នឹងអតិផរណាដែលកំពុងកើនឡើង។

យោងតាមស្ថិតិរបស់ប្រទេសកាណាដាបានបញ្ជាក់ថា ការងារថ្មីៗបានកើនឡើងនៅក្នុងខែមេសា ក្នុងនោះសេវាកម្មវិជ្ជាជីវៈ វិទ្យាសាស្រ្ត និងបច្ចេកទេសកើន ២៦,០០០នាក់, សេវាស្នាក់នៅ និងអាហារកើន ២៤,០០០នាក់, ការថែទាំសុខភាព និងជំនួយសង្គមកើន ១៧,០០០នាក់ និងធនធានធម្មជាតិ (+៧,៧០០)។

ទោះជាយ៉ាងណាក៏ដោយ ការងារបានធ្លាក់ចុះនៅក្នុងផ្នែកឧបករណ៍ប្រើប្រាស់ ដល់ទៅ ៥,០០០នាក់។ ទន្ទឹមគ្នា កំណើនប្រាក់ឈ្នួលក៏បានធ្លាក់ចុះផងដែរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner