ទីបំផុត លោក លី សៀនឡុង លាលែងពីតំណែងនាយករដ្ឋមន្ត្រីសិង្ហបុរីជាផ្លូវការ ក្រោយកាន់តំណែងបានពីរទសវត្សរ៍
សិង្ហបុរី៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង នៅថ្ងៃចន្ទទី១៣ ខែឧសភា បានដាក់ពាក្យលាលែងពីតំណែងទៅកាន់ប្រធានាធិបតីសង្ហិបុរី លោក ថាម៉ាន់ សានមូហ្ការ៉ាត់ណាំ ជាផ្លូវការហើយ បន្ទាប់ពីបានកាន់តំណែងនេះអស់ពេល ២០ឆ្នាំ ហើយក៏បានប្រកាសថា លោក និងរដ្ឋាភិបាលរបស់គាត់ នឹងចុះចេញពីតំណែងនៅថ្ងៃពុធសប្តាហ៍នេះ។
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានរាយការណ៍នៅថ្ងៃចន្ទនេះថា លោក លី ដែលកាន់តំណែងជានាយករដ្ឋមន្រ្តីសង្ហិបុរីចាប់តាំងពីឆ្នាំ២០០៤ នៅក្នុងលិខិតលាលែងពីតំណែងរបស់គាត់ បានផ្តល់អនុសាសន៍ឱ្យលោក ឡរិន វ៉ុង បន្តតំណែងជានាយករដ្ឋមន្ត្រីសង្ហិបុរី។ លោក Lawrence មានអាយុ៥១ឆ្នាំ ត្រូវបានលោក លី សៀនឡុង ប្រកាសតែងតាំងជាអ្នកបន្តវេនពីរូបលោកតាំងតែពីកាលពីខែមេសា ឆ្នាំ២០២២មកម្ល៉េះ។
ឆ្លើយតបនឹងសំណើរបស់លោក លី ប្រធានាធិបតីសង្ហិបុរី លោក ថាម៉ាន់ សានមូហ្ការ៉ាត់ណាំ បានទទួលយកការលាលែងពីតំណែងរបស់គាត់ ហើយបានប្រកាសតែងតាំងលោក Wong ជានាយករដ្ឋមន្ត្រីសង្ហិបុរីថ្មី ដោយប្រគល់ភារកិច្ចឱ្យគាត់បង្កើតរដ្ឋាភិបាលថ្មី។
លោក ឡរិន វ៉ុង បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយថា បន្ទាប់ពីលាលែងពីតំណែង លោក លី សៀនឡុង និង លោក តេអូ ឈីហ៊ីន នឹងបម្រើការជារដ្ឋមន្ត្រីជាន់ខ្ពស់នៅក្នុងគណៈរដ្ឋមន្ត្រីថ្មី ខណៈដែលលោក វ៉ុង ផ្ទាល់ នឹងបន្តតំណែងក្នុងតួនាទីជារដ្ឋមន្ត្រីហិរញ្ញវត្ថុ។
លោក វ៉ុង បន្ថែមថា លោក ហ្គាន គីម យ៉ុង និង លោក ហេង ស្វីខីត នឹងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលនាពេលខាងមុខនេះ។ ហើយលោក ហ្គាន នឹងរក្សាតំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មដដែល។ លើសពីនេះ លោកក៏នឹងជំនួសតំណែងលោក វ៉ុង ជាប្រធានអាជ្ញាធររូបិយវត្ថុសិង្ហបុរីផងដែរ៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា