ការអនុវត្តន៍ជាសហគមន៍សម្រាប់យុទ្ធសាស្ត្រប្រព័ន្ធត្រជាក់អកម្មសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សហការជាមួយក្រសួងបរិស្ថាន អង្គការ UNEP និង UN-ESCAP បានរៀបចំកិច្ចប្រជុំស្តីពីសហគមន៍សម្រាប់ការអនុវត្ត នៃគម្រោងយុទ្ធសាស្ត្រប្រព័ន្ធត្រជាក់អកម្ម សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា (Passive Cooling Strategies Community of Practice inaugural Meeting) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថាន ក្រសួងដែនដី នគររូបនីយកម្មនិងសំណង់ តំណាងអង្គការ UNEP UNESCAP តំណាងក្រុមហ៊ុនវិស័យអចលទ្រព្យ Urbanland និង ប៉េង ហួត ក្រុមស្ថាបត្យកម្ម អ្នកជំនាញការជាតិ និងអន្តរជាតិ សរុបចំនួន ៣៥ រូប។

កិច្ចប្រជុំនេះ មានគោលបំណងដើម្បីចែករំលែកចំណេះដឹង មេរៀនថ្មីៗ និងកិច្ចសហប្រតិបត្តិការក្នុងការដាក់បញ្ចូលយុទ្ធសាស្ត្រប្រព័ន្ធត្រជាក់អកម្មទៅក្នុងការអនុវត្តការរចនាស្ថាបត្យកម្ម និងការរៀបចំទីក្រុង ដោយផ្តោតលើ៖ ការផ្តល់ភាពងាយស្រួលដល់អ្នកសាងសង កាត់បន្ថយតម្រូវការប្រព័ន្ធត្រជាក់នៅក្នុងអគារ ប្រយុទ្ធប្រឆាំងកំដៅក្នុងទីក្រុង និងជំរុញការអភិវឌ្ឍបៃតងផងដែរ។

ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត ហាក់ ម៉ៅ បានលើកឡើងថា នេះជាកិច្ចប្រជុំដ៏សំខាន់មួយសម្រាប់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកគោលដៅរួមនៃការកាត់បន្ថយតម្រូវការថាមពល និងការបំភាយឧស្ម័នដែលទាក់ទងនឹងភាពត្រជាក់។ តាមរយៈសកម្មភាព កិច្ចសហការ និងការប្តេជ្ញាចិត្តរួមគ្នា ធ្វើឱ្យមានការបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅរកការសម្រេចបាននូវប្រសិទ្ធភាពថាមពលជាតិ និងគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ជក់។

ជាមួយគ្នានេះ លោកបណ្ឌិតប្រធាន បានបញ្ជាក់ថា ចក្ខុវិស័យនៃផែនការសកម្មភាពសីតកម្មជាតិ (NCAP) គឺកសាងសង្គមកម្ពុជាប្រកបដោយការបញ្ចេញកាបូនតិច និងប្រែក្លាយជាសង្គមមានភាពស្អាត បៃតង និងចីរភាព ដោយផ្អែកលើបច្ចេកវិទ្យា ប្រសិទ្ធភាពថាមពល និងមេត្រីអាកាសធាតុនៅក្នុងវិស័យសីតកម្ម។

លោកបណ្ឌិត ក៏បានលើកពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានបញ្ជ្រាបការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន សំដៅធ្វើយ៉ាងណាឱ្យកម្ពុជាស្អាត បៃតង និងចីរភាព ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner