ជប៉ុនរំពឹងថា តម្រូវការថាមពលអគ្គិសនីនៅរោងចក្រផលិតបន្ទះឈីប និង AI នឹងកើនឡើងខ្លាំងនៅឆ្នាំ ២០៥០

តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានព្យាករណ៍នៅថ្ងៃចន្ទថា តម្រូវការថាមពលអគ្គិសនីនឹងកើនឡើងពី ៣៥ ទៅ ៥០ភាគរយនៅឆ្នាំ២០៥០ដោយសារតែតម្រូវការកើនឡើងពីរោងចក្រផលិតបន្ទះឈីប និងមជ្ឈមណ្ឌលទិន្នន័យ ដែលគាំទ្របញ្ញាសិប្បនិម្មិត (AI)។

រដ្ឋាភិបាលជប៉ុនបានបញ្ជាក់នៅក្នុងឯកសារមួយ ដែលចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទសប្តាហ៍នេះថា ទិន្នផលថាមពលគួរតែកើនឡើងពី ១ពាន់ពាន់លានគីឡូវ៉ាត់ម៉ោង (kWh) ដែលបានព្យាករណ៍សម្រាប់ទសវត្សរ៍បច្ចុប្បន្ន ដល់ប្រហែល ១.៣៥ ទៅ ១.៥ពាន់ពាន់លានគីឡូវ៉ាត់ម៉ោង (kWh) នៅឆ្នាំ២០៥០ ដើម្បីបំពេញតម្រូវការ ខណៈដែលជប៉ុនបានបង្កើតមជ្ឈមណ្ឌលទិន្នន័យកាន់តែច្រើន, រោងចក្រផលិតបន្ទះឈីប និងអាជីវកម្មប្រើប្រាស់ថាមពលផ្សេងៗទៀត។

ឯកសារនេះបានឱ្យដឹងថា ការកើនឡើងតម្រូវការថាមពលអគ្គិសនីនឹងក្លាយជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំ ហើយតម្រូវឱ្យមានការវិនិយោគទ្រង់ទ្រាយធំនៅក្នុងប្រភពថាមពល។
ប្រទេសជប៉ុនដែលពឹងផ្អែកខ្លាំងលើតំបន់មជ្ឈិមបូព៌ា សម្រាប់ការផ្គត់ផ្គង់ឥន្ធនៈហ្វូស៊ីលកាលពីឆ្នាំមុន បានអនុម័តច្បាប់មួយ ដែលមានគោលបំណងលើកកម្ពស់ការវិនិយោគលើការប្រើប្រាស់បច្ចេកវិទ្យាផលិតថាមពលស្អាត ដែលត្រូវបានគេស្គាល់ថា ឌីកាបូនណៃសេសិន (decarbonisation) ក្នុងទឹកប្រាក់ជាង ៩៦២ពាន់លានដុល្លារ នៅក្នុងវិស័យសាធារណៈ និងឯកជនក្នុងរយៈពេល ១០ឆ្នាំ។

ជាងនេះទៅទៀត ប្រទេសជប៉ុនក៏កំពុងពឹងផ្អែកលើកោសិកាថាមពលពន្លឺព្រះអាទិត្យជំនាន់ក្រោយ ដែលគេស្គាល់ថា ជាកោសិកាពន្លឺព្រះអាទិត្យ perovskite, កសិដ្ឋានខ្យល់បណ្តែតលើឆ្នេរសមុទ្រ, ការចាប់ផ្តើមរោងចក្រថាមពលនុយក្លេអ៊ែរឡើងវិញ និងការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនរ៉េអាក់ទ័រជំនាន់ក្រោយ ដើម្បីបំពេញតម្រូវការថាមពល៕

ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner