ប្រធាន IMF ៖ AI កំពុងវាយលុកទីផ្សារការងារពិភពលោក ដូច “រលកយក្សស៊ូណាមិ”
ហ្សារីច៖ នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្តាលីណា ចចហ្គីវ៉ា បាននិយាយនៅថ្ងៃចន្ទថា បញ្ញាសិប្បនិម្មិត (AI) កំពុងវាយលុកទីផ្សារការងារពិភពលោក ប្រៀបដូចជា «រលកយក្សស៊ូណាមិ»។
លោកស្រី ចចហ្គីវ៉ា បានប្រាប់ព្រឹត្តិការណ៍មួយនៅទីក្រុងហ្សូរីច ប្រទេសស្វីសថា បញ្ញាសិប្បនិម្មិត (AI) អាចនឹងប៉ះពាល់ដល់ការងារចំនួន ៦០ភាគរយនៅក្នុងប្រទេសមានសេដ្ឋកិច្ចជឿនលឿន និងចំនួន ៤០ភាគរយនៃការងារនៅជុំវិញពិភពលោកក្នុងរយៈពេល ២ឆ្នាំខាងមុខ។
យោងតាមការស្រាវជ្រាវដែលបានចេញផ្សាយថ្មីៗនេះ ដោយក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិក Goldman Sachs បានបង្ហាញថា ការប្រើប្រាស់ AI ដែលជះឥទ្ធិពលដល់ការងារ គឺអាស្រ័យទៅតាមជំនាញ និងវិស័យផ្សេងៗ។ ឧទាហរណ៍ វិស័យរដ្ឋបាល និងច្បាប់អាចរងផលប៉ះពាល់ខ្លាំងបំផុត ដោយមានអត្រា ៤៦ភាគរយ និង ៤៤ភាគរយរៀងគ្នាចំពោះហានិភ័យនៃការជំនួសដោយ AI។
ចំណែកការងារដែលមានការប៉ះពាល់តិចបំផុតចំពោះ AI រួមមានការសម្អាត និងថែទាំ ការដំឡើង និងការជួសជុល និងការងារទាក់ទងមួយចំនួនពាក់ព័ន្ធនឹងវិស័យសំណង់។ ជារួម មុខរបរដែលពឹងផ្អែកខ្លាំងលើកម្លាំងពលកម្ម អាចប្រឈមនឹងហានិភ័យទាប ដូចជាវិស័យសំណង់ ប្រឈមនឹងការគំរាមកំហែងត្រឹមតែ ៦ភាគរយ ខណៈដែលការងារទាក់ទងនឹងការថែទាំមានហានិភ័យត្រឹមតែ ៤ភាគរយប៉ុណ្ណោះ។
ចំណែកបញ្ហាការងារ នៅពេលដែល AI chatbots អាចជំនួសបាន លោក Sam Altman ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន OpenAI និងជាស្ថានិកកម្មវិធី ChatGPT បាននិយាយថា ការងារដែលរងផលប៉ះពាល់ខ្លាំងពីកម្មវិធីនេះ រួមមានការងារសរសេរនិពន្ធ និងសរសេរកម្មវិធីកុំព្យូទ័រជាដើម។ ដោយឡែកអ្នករៀបចំតារាងពន្ធ, អ្នករចនាឌីជីថល, អ្នកនិពន្ធ, ជំនួយការរដ្ឋបាល, គណិតវិទូ និងវិស្វករ សុទ្ធសឹងតែជាការងារ ដែលនឹងត្រូវរងផលប៉ះពាល់ពី AI chatbots ក៏ដូចជា ChatGPT៕
ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា