កម្ពុជាត្រូវការដូងស្រស់១៥ម៉ឺនផ្លែក្នុងមួយថ្ងៃ នាំចូលប្រាំម៉ឺនផ្លែ

ភ្នំពេញ៖បច្ចុប្បន្នកម្ពុជាកំពុងប្រឈមនឹងការខ្វះខាតផ្លែដូងស្រស់ដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលជំរុញឱ្យមានការនាំចូលផ្លែដូងប្រមាណ ៥0.000 ផ្លែជារៀងរាល់ថ្ងៃពីប្រទេស ថៃ និងវៀតណាម។

លោក សួង ណយ អនុប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ និងជាស្ថាបនិកសហគមន៍កសិកម្មដូងក្រអូបកម្ពុជា បានប្រាប់ទូរទស្សន៍អប្សរាថា កម្ពុជាត្រូវការដូងស្រស់សរុប១៥ម៉ឺនផ្លែក្នុងមួយថ្ងៃ។ លោកថា បច្ចុប្បន្ន ចម្ការដូងក្នុងស្រុកអាចប្រមូលទិន្នផលប្រមាណ ១០ម៉ឺនផ្លែប៉ុណ្ណោះនៅរដូវវស្សា និងអាចតិចជាងនេះ​នៅ​រដូវប្រាំង។

លោក សួង ណយ លើកឡើងថា ទាំងប្រជាកសិករ និងអ្នកវិនិយោគ មិនសូវចាប់អារម្មណ៍លើដំណាំនេះច្រើនទេ ដោយពួកគាត់យល់ថា ពិបាកដាំ និងមិន​មានទីផ្សារ។

លោក សួង ណយ បានថ្លែងបែបនេះថា «នៅពេលដែលយើងដាំដូង ខ្មែរយើងថា​ ដាំដូងក្រឡាប់ចាក់ ជួនកាលក៏យល់អញ្ចឹងដែរ ហើយមួយទៀតវិស័យកសិកម្មហ្នឹង អ្នកមានធំៗ មិនសូវចង់វិនិយោគទេ ដោយសារតែឱ្យតែវិនិយោគ គិតថា កសិកម្មហ្នឹង តែធ្វើកម្មហើយ​ ដល់អញ្ចឹងហើយគិតតែរឿងស្វាយចន្ទី រឿងកៅស៊ូ រឿងអីផ្សេងៗ ដល់ពេលដូងគាត់ដូចជាពិបាកក្នុងការដាំ ឬក៏ពិបាកក្នុងការរកទីផ្សារ តាមគាត់ហូបដូងរាល់ថ្ងៃ ដោយអត់ដឹងខ្លួន»។

ដំណាំដូងត្រូវការពេលជាង៣ឆ្នាំ និងត្រូវការទឹកស្រោចស្រពច្រើន រួមនឹងការថែទាំផងដើម្បីបានផ្លែ។ ប៉ុន្តែ លោក សួង ណយ អះអាងថា ដូងមួយដើមឱ្យផលបានដល់ទៅ៣០ឆ្នាំ ហើយទីផ្សារក៏មិនខ្វះដែរ ប៉ុន្តែ ប្រជាកសិករទទួលបានព័ត៌មានតិចតួចពីដំណាំនេះ ដែលធ្វើឱ្យពួកគេស្ទាក់ស្ទើរមិនហ៊ានដាក់ទុន។

នៅប្រទេសកម្ពុជាបច្ចុប្បន្នមានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន៧ពាន់ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១ម៉ឺន៤ពាន់ហិកតា។ ប៉ុន្តែ លោក សួង ណយ ឲ្យដឹងថា ចម្ការដូងធំៗដែលមានផ្ទៃដីចាប់ពី ៥០ហិកតាឡើងទៅ មានមិនដល់ ១០០ចំការទេ ហើយចម្ការពី ៥០ហិកតា ចុះក្រោម មានប្រមាណ ១០០ចម្ការ ដោយសរុបជាដើមមានប្រមាណមួយលានដើមប៉ុណ្ណោះ។ លោកថា កម្ពុជាត្រូវការដាំដើមដូងប្រមាណមួយលានដើមទៀត ទើបកាត់បន្ថយការនាំចូលផ្លែដូងស្រស់បាន ហើយត្រូវការចំណាយពេលប្រមាណបួនឆ្នាំ ដើម្បីធ្វើការកិច្ចការនេះ។

ជំទាវ អ៊ឹម រចនា និង ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនទាន់ឆ្លើយសំណួររបស់ទូរទស្សន៍អប្សរានៅឡើយទេនៅថ្ងៃចន្ទនេះពីផែនការបង្កើនលទ្ធភាពផ្គត់ផ្គង់ផ្លែដូងស្រស់ក្នុងស្រុក។

ទន្ទឹមនឹងការដែលមិនអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់ចំនួន កម្ពុជាគ្រោងនាំចេញផ្លែដូងទៅទីផ្សារនៃប្រទេសចិននៅឆ្នាំ ២០២៤នេះ។ ក្នុងនោះ មានចម្ការដូងចំនួន ១៣ និងទីតាំងវេចខ្ចប់ចំនួន ៥ ដែលទទួលបានការអនុញ្ញាតតាមស្តង់ដាតម្រូវដោយគយចិន៕

ដោយ៖ឃួន សុភ័ក្រ(អប្សរាយប់នេះ)

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner