មេដឹកនាំហិរញ្ញវត្ថុមកពី៤១ប្រទេសជួបគ្នានៅកម្ពុជាជំរុញកម្ចីអាជីវកម្មបៃតង
ភ្នំពេញ៖មេដឹកនាំសំខាន់ៗដែលជាក្បាលម៉ាស៊ីននៃវិស័យហិរញ្ញវត្ថុមកពី៤១ប្រទេសក្នុងតំបន់អាស៊ីប៉ាហ្វិក នឹងជួបគ្នានៅរាជធានីភ្នំពេញរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៥ខែឧសភាទៅ ដើម្បីជំរុញបង្កើនការផ្តល់កម្ចីសម្រាប់អាជីវកម្មបៃតងដែលពួកគេជឿថានឹងជួយដោះស្រាយបញ្ហាអាកាសធាតុដែលកំពុងវាយប្រហារតំបន់នេះយ៉ាងធ្ងន់ធ្ងរ។
ជំនួបនេះជាផ្នែកមួយនៃកិច្ចប្រជុំលើកទី៤៧ របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ហៅកាត់ថា ADFIAP ដែលរំពឹងថានឹងមានអ្នកចូលរួមពិភាក្សាប្រមាណជា ៥០០នាក់ មកពីគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៩៣ តំណាងរដ្ឋាភិបាល ស្ថានទូត និងវិស័យឯកជននៅទូទាំងតំបន់។
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃ ADFIAP បានប្រាប់ទូរទស្សន៍អប្សរាថា រលកកម្តៅនាពេលថ្មីនេះបានសបញ្ជាក់យ៉ាងច្បាស់ពីភាពបន្ទាន់ដែលគ្រឹះស្ថានហិរញ្ញវត្ថុសាធារណៈនៅទូទាំងអាស៊ីប៉ាស៊ីហ្វិកត្រូវតែជំរុញហិរញ្ញប្បទានបៃតងដើម្បីធានាសន្តិសុខស្បៀង និងការអភិវឌ្ឍដែលមាននិរន្តភាព។
យោងតាមវិទ្យាស្ថានធនធានពិភពលោកឲ្យដឹងថា ពិភពលោកត្រូវការហិរញ្ញប្បទានបៃតងសាធារណៈយ៉ាងហោចណាស់ ១.៣ពាន់ពាន់លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០៣០ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែស្ថាប័ននេះថា ថវិកាជាក់ស្តែងដែលទទួលបានសម្រាប់គម្រោងឬអាជីវកម្មបៃតងមានចំនួនតែជាង ៣០០ពាន់លានប៉ុណ្ណោះ។ អាជីវកម្មបៃតងសំដៅទៅលើអាជីវកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន ដូចជា ថាមពលកកើតឡើងវិញ យានយន្តអគ្គិសនី កសិកម្មសរីរាង្គ រោងចក្រកែច្នៃសំណល់ និងការអភិរក្សធនធានធម្មជាតិជាដើម។
ឯកឧត្តម កៅ ថាច មើលឃើញថា ការផ្តល់ឥណទានដល់អាជីវកម្មបៃតងនៅកម្ពុជាក៏មានតិចតួចដែរ។ ជាក់ស្តែង មានតែ៤ភាគរយរបស់នៃឥណទានសរុបរបស់ធនាគារ ARDB ត្រូវបានផ្តល់ទៅអាជីវកម្មបៃតង។
ឯកឧត្តម លើកឡើងថា គ្រឹះស្ថានហិរញ្ញវត្ថុសាធារណៈមានតួនាទីចម្បងក្នុងការបំពេញចន្លោះខ្វះខាត ឬបរាជ័យទីផ្សារ តាមរយៈការផ្តល់កម្ចីដល់អាជីវកម្មដែលធានាបាននិរន្តភាពបរិស្ថាន ព្រោះគ្រឹះស្ថានហិរញ្ញវត្ថុហ៊ានទទួលយកហានិភ័យនៃការខាតបង់ ច្រើនជាងបើធៀបនឹងគ្រឹះស្ថានហិរញ្ញវត្ថុឯកជន។ ឯកឧត្តម រំពឹងថា ក្រោយកិច្ចប្រជុំ ADFIAP នេះ គ្រឹះស្ថានហិរញ្ញវត្ថុនានានៅអាស៊ីប៉ាស៊ីហ្វិករួមទាំងកម្ពុជាផង នឹងគិតគូរបង្កើនការផ្តល់ឥណទានសម្រាប់អាជីវកម្មបៃតងកាន់តែច្រើន៕ ដោយ៖ទួន សុផល (អប្សរាយប់នេះ)