យុវជន២០០នាក់ជិះកង់ពីភ្នំពេញទៅសៀមរាប រៃលុយសង្គ្រោះជីវិតកុមារ
ភ្នំពេញ៖នៅថ្ងៃទី១ ខែមិថុនាខាងមុខនេះ យុវជនខ្មែរប្រមាណ២០០នាក់នឹងជិះកង់ក្នុងចំងាយជាង៣០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាប ដើម្បីរៃអង្គាសប្រាក់ជួយមន្ទីរពេទ្យអង្គរដែលសង្គ្រោះជីវិតកុមារដោយមិនគិតថ្លៃ។ព្រឹត្តិការណ៍នេះរៀបចំដោយសហព័ន្ធកីឡាទោចក្រយានកម្ពុជា ជាការចូលរួមគាំទ្រដល់សេវាថែទាំសុខភាពកុមារដែលបន្តខ្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរ។
ដោយចំណាយពេល១២ម៉ោងចាប់ពីម៉ោង៥ព្រឹក ក្រុមអ្នកជិះកង់នឹងឈប់តាមភូមិស្រុកដើម្បីផ្សព្វផ្សាយពីយុទ្ធនាការរបស់ខ្លួន និងរៃប្រាក់ពីអ្នកភូមិដែលអាចបរិច្ឆាគតាមសន្ធា។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានប្រាប់ទូរទស្សន៍អប្សរាថា នេះជាលើកទី១ដែលសហព័ន្ឋរបស់លោកបានរៀបចំការជិះកង់ក្នុងចម្ងាយដ៏ឆ្ងាយបែបនេះ។ លោកថា ទោះបីជាវាមិនអាចបំពេញតម្រូវការហិរញ្ញវត្ថុរបស់មន្ទីរពេទ្យបានពេញលេញក៏ដោយ ប៉ុន្តែលោកសង្ឃឹមថា វាអាចបំផុសការចែករំលែកក្តីស្រឡាញ់ និងសាមគ្គីភាពដើម្បីជួយជីវិតកុមារខ្មែរ។
នៅថ្ងៃទី១ខែមិថុនា ដដែល ក្រសួងយុត្តិធម៌ក៏នឹងរៀបចំព្រឹត្តិការណ៍ជិះកង់អង្គរលើកទី២ ផងដែរដើម្បីរៃអង្គាសថវិកាឲ្យមន្ទីរពេទ្យជ័យវវ្ម័នទី៧ ឬគន្ធបុប្ផាទី៣។
ក្រៅពីព្រឹត្តិការណ៍ទាំងពីរនេះ កន្លងមកក៏មានសកម្មភាពរៃអង្គាសស្រដៀងគ្នានេះ និងមានមូលនិធិនានាផងដែរ។ ក៏ប៉ុន្តែ ភាពតានតឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមមន្ទីរពេទ្យកុមារនៅកម្ពុជាគឺនៅតែធ្ងន់ធ្ងរ។ ជាក់ស្តែង មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាបតែមួយត្រូវការជាងប្រាំមួយលានដុល្លារក្នុងមួយឆ្នាំដើម្បីអាចផ្តល់សេវាព្យាបាលដល់កុមារប្រមាណ១០ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា មន្ទីរពេទ្យនេះពឹងផ្អែកលើជំនួយបរទេសចំនួន៧០ភាគរយនៃតម្រូវការថវិកាសរុបនិង៣០ភាគរយទៀតលោកត្រូវកៀរគរពីសប្បុរសជនក្នុងស្រុក។
ដូចគ្នានេះដែរ មន្ទីរពេទ្យគន្ធបុប្ផាត្រូវការប្រាក់រហូតដល់ទៅ៤០លានដុល្លារក្នុងមួយឆ្នាំ។មន្ទីរពេទ្យនេះបានព្យាបាលកុមារខ្មែរប្រហែល៩០ម៉ឺននាក់កាលពីឆ្នាំ ២០២៣ ដោយពឹងផ្អែកខ្លាំងពីជំនួយពីប្រទេសស្វីស។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បាននិយាយថា ដើម្បីធានានិរន្តភាព រដ្ឋាភិបាលត្រូវផ្តោតលើគោលនយោបាយច្បាស់លាស់ និងមានកញ្ចប់ថវិកាជាក់លាក់ណាមួយសម្រាប់គាំទ្រមន្ទីរពេទ្យ។
ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តម កុយ វ៉ាន់នី អ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា ក្រសួងបានគិតគូរពីនិរន្តរភាពនៃមន្ទីរពេទ្យទាំងពីរ និងបានជួបពិភាក្សាជាមួយដៃគូជាតិ និងអន្តរជាតិដើម្បីស្វែងរកជំនួយហិរញ្ញវត្ថុផងដែរ។
យោងតាមច្បាប់ថវិកាជាតិឆ្នាំ២០២៤ រដ្ឋាភិបាលគ្រោងចាយជាង៥៦លានដុល្លាសម្រាប់វិស័យសុខាភិបាល។ លោក សេក សុជាតិ លើកឡើងថា ការប្រើប្រាស់ថវិកាចំគោលដៅជារឿងចាំបាច់៕ ដោយ៖សែន ដាវិត (អប្សរាយប់នេះ)