សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាទៅកូរ៉េខាងត្បូង ជំរុញការវិនិយោគ
ភ្នំពេញ៖ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹង បំពេញ ទស្សនកិច្ច ជា ផ្លូវ ការ នៅ ប្រទេស កូរ៉េ ខាងត្បូង នៅ ថ្ងៃពុធនេះ សម្រាប់ រយៈពេល បួន ថ្ងៃ ដែល ក្រុម មន្ត្រី និង អ្នកជំនាញ រំពឹង ពី ផ្លែផ្កានៃ ការ ជំរុញ កំណើន ពាណិជ្ជកម្ម ទ្វេភាគី ឲ្យ កាន់ តែ ខ្លាំង ថែមទៀត។
ក្នុង អំឡុង នៃ ដំណើរ ទស្សនកិច្ចចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែឧសភា នេះ នឹង មាន កិច្ចចុះហត្ថលេខាលើកិច្ចការការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ហើយ សម្តេចនាយក រដ្ឋ មន្ត្រី នឹងជួបជាមួយក្រុមហ៊ុនកូរ៉េខាងត្បូងសំខាន់ៗមួយចំនួន ផងដែរ។ នេះ បើយោង តាម សេចក្តី ប្រកាស ព័ត៌មាន របស់ ក្រសួង ការបរទេស កម្ពុជា។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ថា ទស្សនកិច្ចនេះនឹងជួយជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី និងទាក់ទាញវិនិយោគិនកូរ៉េខាងត្បូងបន្ថែមទៀត។ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច និយាយថា កំណើនពាណិជ្ជកម្មទ្វេភាគី កម្ពុជា-កូរ៉េខាងត្បូង មានសន្ទុះតិចតួចនៅឡើយ។
ប្រទេស កូរ៉េ ខាង ត្បូងឈរ នៅ លេខ រៀង ទី ១៣ ក្នុង ចំណោម ប្រទេស ដែលមាន ទំហំពាណិជ្ជកម្មធំជាមួយ កម្ពុជា និងធ្លាប់ជា ប្រទេស វិនិយោគ ធំលំដាប់ ទី ៥ នៅ កម្ពុជា មុន វិបត្តិរាតត្បាតនៃជំងឺកូវីដ១៩។ ។
កាលពីឆ្នាំ ២០២៣កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង មានចំនួនជាង ៨០០លានដុល្លារ។ ដោយឡែកក្នុងរយៈពេល ៤ខែ ឆ្នាំ ២០២៤នេះ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទំហំជាង ២៥៦លានដុល្លារ គឺកើនឡើងជាង ៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៣។
កម្ពុជា នាំចេញទៅកូរ៉េខាងត្បូងភាគច្រើន ជាផលិតផលកសិកម្ម សម្លៀកបំពាក់ កៅស៊ូ និងគ្រឿងបង្គុំអេឡិចត្រូនិក។ ចំណែកឯកូរ៉េខាងត្បូង នាំចូលមកកម្ពុជាភាគច្រើនជារថយន្ត គ្រឿងអេឡិចត្រូនិក ភេសជ្ជៈ និងឱសថ។
កូរ៉េ ខាង ត្បូង ធ្លាប់ជា ប្រទេស វិនិយោគ ធំលំដាប់ ទី ៥ នៅ កម្ពុជា មុន វិបត្តិរាតត្បាតនៃជំងឺកូវីដ១៩ និង វិបត្តិ នៃ សង្គ្រាម រុស្ស៊ី អ៊ុយក្រែន។ ហើយ កូរ៉េ ក៏ជា ប្រទេស ដែល វិនិយោគ ខ្លាំង លើ អចលនទ្រព្យ នៅកម្ពុជា ផងដែរ៕
ដោយៈឃួន សុភក្រ្ត (Apsara Tonight)