បារីអេឡិចត្រូនិកវាយលុកយុវជនខ្មែរ ក្រសួងសុខាភិបាលបង្ហាញផលប៉ះពាល់
ភ្នំពេញ៖ ក្រសួងសុខាភិបាល កម្ពុជានាពេលថ្មីៗនេះបានបង្ហាញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការជក់បារីអេឡិចត្រូនិក នៅចំពេលបារីនេះបន្តវាយលុកយុវជនខ្មែរមួយចំនួន ជាពិសេសក្នុងចំណោមសិស្សានុសិស្ស នៅជាច្រើនរាជធានី-ខេត្ត។
ក្រសួងសុខាភិបាលឲ្យដឹងថា ការជក់បារីអេឡិចត្រូនិកអាចបណ្តាលឲ្យកើតជំងឺសួតធ្ងន់ ជំងឺមហារីក ប៉ះពាល់ការលូតលាស់ខួរក្បាល និងមុខងារនៃការត្រួតពិនិត្យរបស់ខួរក្បាល ដែលនាំឱ្យមានការថយចុះនៃការផ្ចង់អារម្មណ៍ ការរៀនសូត្រ ការគ្រប់គ្រងកំហឹង និងប្រឈមការញៀននឹងសារធាតុញៀនផ្សេងទៀត។
ក្រសួងបានពន្យល់ថា បារីអេឡិចត្រូនិក ឬវេប គឺជាឧបករណ៍ដែលប្រើប្រាស់ថាមពលថ្មបង្កើតជាកម្ដៅដុតអង្គធាតុរាវដើម្បីបង្កើតជាចំហាយសម្រាប់ជក់ ឬបឺត។ ចំហាយចេញពីបារីអេឡិចត្រូនិក មានសារធាតុដែលមានគ្រោះថ្នាក់ដូចជា នីកូទីនដែលបណ្តាលឲ្យញៀនខ្លាំង, ភាគល្អិតដែលអាចស្រូបចូលជ្រៅទៅក្នុងសួត, សារធាតុគីមីដែលមានក្លិនដូចជា Diacetyl ដែលនាំឲ្យកើតជំងឺសួតធ្ងន់ធ្ងរ, បង់សែន ជាសារធាតុសរីរាង្គ មានក្នុងផ្សែងរថយន្ត, និងមានសារធាតុគីមី ដែលអាចបណ្ដាលឱ្យកើតជំងឺមហារីកដូចជា Acetaldehyde និង Formaldehyde ក៏ ដូចជា ក្រុមលោហៈធ្ងន់ដូចជា នីកែល សំណប៉ាហាំង និងសំណ។
ក្រសួងសុខាភិបាល អំពាវនាវ ឲ្យអាជ្ញាធរ និងពលរដ្ឋចូលរួមទប់ស្កាត់បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងនាំចូល ផលិតផលបារីអេឡិចត្រូនិក។ ការអំពាវនាវនេះ ធ្វើឡើង មួយរយៈបន្ទាប់ពីគណៈគ្រប់គ្រង សាលា មធ្យមសិក្សា ជាច្រើនទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា បានរាយការណ៍ពីបញ្ហាសិស្សជក់បារីអេឡិចត្រូនិកខ្លះជក់ដោយបើកចំហ និងខ្លះទៀតលួចជក់ ដូចជានៅក្នុងបន្ទប់ទឹកជាដើម ដោយពួកគេយល់ខុសថា ការប្រើប្រាស់បារីអេឡិចត្រូនិកជាភាពស្អាត សង្ហា ឬគិតថា បារីអេឡិចត្រូនិក ជាឧបករណ៍ផ្ដាច់បារី។ ក្រៅពីសិស្ស ក៏មានយុវជនខ្មែរមួយចំនួនទៀតជក់បារីអេឡិចត្រូនិកនេះដែរ។
តាមការសិក្សាស្រាវជ្រាវមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីចុងឆ្នាំ២០២៣ ក្នុងចំណោម យុវជនចំនួន ១៣១៧នាក់ បានបង្ហាញថា ៨២ភាគរយនៃអ្នកចូលរួមសម្ភាសន៍បានប្រាប់ថា ពួកគេធ្លាប់ឃើញគេជក់បារីអេឡិចត្រូនិក។ ក្នុងចំណោមអ្នកសម្ភាសន៍ទាំងអស់ មាន៤០ភាគរយបានឆ្លើយថា មិត្តភក្តិរបស់ពួកគេជាអ្នកជក់បារីអេឡិចត្រូនិកផ្ទាល់ ហើយពួកគេអាយុចន្លោះពី១៥ឆ្នាំ ទៅ ២៩ឆ្នាំ ។
បារីអេឡិចត្រូនិកត្រូវ បានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនហាមឃាត់ការជួញដូរ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងនាំចូល តាំងពីខែកុម្ភៈ ឆ្នាំ២០១៤ មកម្ល៉េះ។ ក៏ប៉ុន្តែ ក្រុមសិស្ស និងយុវជន នៅតែមានបារីនេះជក់។
លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្លាប់ទទួលស្គាល់អំពីបញ្ហានេះ ហើយថាអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រៀមដាក់ចេញគោលការណ៍បន្ថែម៕
ដោយ៖ សេក សត្យា (Apsara Tonight)