ផ្សាររាត្រី-វិថីទេសចរណ៍ភ្នំសំពៅ បើកដំណើរការ តែត្រូវកែលម្អច្រើន

ភ្នំពេញ៖ ផ្សាររាត្រី និងវិថីទេសចរណ៍ ដែលស្ថិតក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅនៃខេត្តបាត់ដំបង បានបើកដំណើរការសាកល្បងកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយទាក់ទាញអ្នកទេសចរសរុបជាង៥០០០នាក់ ក្នុងរយៈពេល៣ថ្ងៃ។ ប៉ុន្តែ ផ្សាររាត្រីនេះ នៅត្រូវការការកែលម្អច្រើនដើម្បីបញ្ចៀសការដួលរលំទៅវិញ។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានប្រាប់ទូរទស្សន៍អប្សរាថា ផ្សាររាត្រីនេះនៅខ្វះភាពចម្រុះបែបនៃម្ហូបអាហារ ចំណី និងបង្អែម ដែលមន្ទីរពាក់ព័ន្ធកំពុងកៀរគរអ្នកលក់បន្ថែមទៀត។ ម្យ៉ាងវិញទៀត វត្ថុអនុស្សាវរីយ៍ដែលតាំងលក់ មិនសូវទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរដែលត្រូវគិតគូរឡើងវិញ ជាពិសេសពីសោភណភាព។ ចំណែក ផ្លូវចេញចូលក្នុងផ្សាររាត្រី ត្រូវឃាត់មិនឲ្យយានយន្តឆ្លងកាត់ និងត្រូវចាក់ក្រួស បំពេញបន្ថែម។

លោក ហម អរុណ ប្រាប់ថា ក្រុមការងារគ្រប់គ្រងផ្សាររាត្រីដែលមានមន្ទីរទេសចរណ៍ជាអ្នកសម្របសម្រួល នឹងដោះស្រាយបញ្ហាទាំងនេះឲ្យបានមុនពេលសម្ពោធផ្សារជាផ្លូវការនៅអំឡុងខែមិថុនា។ លោករំពឹងថា ការកែលម្អ នឹងជួយឲ្យផ្សារនេះដំណើរការបានយូរអង្វែង។

គួរសម្គាល់ថា ខេត្តបាត់ដំបង ក៏ធ្លាប់មានផ្សាររាត្រីផងដែរ ដែលស្ថិតប្របមាត់ស្ទឹងសង្កែ ទល់មុខនឹងផ្សារធំថ្មី ឬផ្សារណាត់ ប៉ុន្តែត្រូវដួលរលំទៅវិញ។ ផ្សាររាត្រីនៅតាមបណ្តាខេត្តមួយចំនួនទៀតក៏មិនសូវជោគជ័យដែរ។ ប៉ុន្តែ សម្រាប់ផ្សាររាត្រីនៅភ្នំសំពៅ លោក ហម អរុណ ជឿថា ការបន្តការកែលម្អចំណុចខ្វះខាត និងដោយភ្នំសំពៅ ទាញភ្ញៀវទេសចរបានជាង២០០នាក់ជារៀងរាល់ថ្ងៃផង ផ្សាររាត្រីនេះនឹងមាននិរន្តរភាព។

ក្នុងពេលសាកល្បងនេះ មានអាជីវកម្មជាង២០ប្រភេទកំពុងលក់ដូរនៅផ្សាររាត្រីនេះជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៥ល្ងាចដល់ម៉ោង១០យប់។ លោក ហម អរុណ រំពឹងថា ចំនួននេះនឹងកើនទ្វេដងនៅពេលបើកដំណើរជាផ្លូវការ ដោយអាជីវករម្នាក់ត្រូវបង់ប្រាក់ ៨០០០រៀលក្នុងមួយថ្ងៃសម្រាប់តូបមួយ ការប្រើប្រាស់ទឹក ភ្លើង និងថ្លៃអនាម័យ។ អាជីវករជាច្រើនសប្បាយចិត្តដែលអាចរកចំណូលបន្ថែម ប៉ុន្តែពួកគេក៏នៅមិនទាន់ច្បាស់ទេពីអនាគតនៃផ្សារនេះ។

សូមរំលឹកថា ផ្សាររាត្រីភ្នំសំពៅនេះ ស្ថិតប្របនឹងជើងភ្នំសំពៅតែម្តង ដែលមានចម្ងាយប្រហែល១២គីឡូម៉ែត្រពីក្រុងបាត់ដំបង។ នៅក្បែរភ្នំសំពៅមានចម្កោមភ្នំសំខាន់ៗមួយចំនួនទៀត ដែលជាច្រកចេញរបស់ហ្វូងសត្វប្រចៀវរាប់សិបក្បាលដែលហើរប្រសេចប្រសាចជាទៀងទាត់នៅចន្លោះម៉ោង៥កន្លះទៅ៦កន្លះល្ងាច បង្កើតបានជាផ្ទាំងទស្សនីយភាពគួរជាទីគយយគន់។

ក្រៅពីផ្សាររាត្រីភ្នំសំពៅ ខេត្តបាត់ដំបងមានតំបន់ទេសចរណ៍ និងរមណីយដ្ឋានធម្មជាតិសរុបជាង១០០ កន្លែង និងមានអគារបេតិកភណ្ឌជំនាន់បុរាណជាង ៨០០កន្លែង ដែលទាក់ទាញភ្ញៀវទេសចរ៦២ ម៉ឺននាក់កាលពីឆ្នាំ២០២៣។ ថ្មីៗនេះ សភាពាណិជ្ជកម្មបាត់ដំបងបានបង្កើត App ឈ្មោះ BCC KH  ដែលផ្តល់ព័ត៌មានពីកន្លែងកំសាន្ត កន្លែងស្នាក់នៅ និងចំណីអាហារល្បីៗពីគ្រប់តំបន់ទូទាំងខេត្ត៕
ដោយ៖ ទួន សុផល (Apsara Tonight)

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner