ប្រមុខកាទូអាមេរិកទៅដល់អ៊ុយក្រែន មិនប្រាប់មុន
គៀវ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបំពេញទស្សនកិច្ច នៅប្រទេសអ៊ុយក្រែន ដោយមិនបានជូនដំណឹងផ្លូវការជាមុន ដោយពេលនោះ ប្រមុខកាទូតរូបនេះបានគូសបញ្ជាក់ថា រុស្ស៊ីត្រូវតែសងការខូចខាតដ៏ធ្ងន់ធ្ងរ របស់អ៊ុយក្រែន ហើយសហរដ្ឋអាមេរិកនឹងនៅតែបន្តជួយដល់អ៊ុយក្រែន។
ក្នុងពេលថ្លែងសុន្ទរកថា នៅឯទីក្រុង Kyiv កាលពីថ្ងៃអង្គារ លោក Antony Blinken មានប្រសាសន៍ថា សហគមន៍អន្តរជាតិត្រូវតែដាក់សំពាធឱ្យរុស្ស៊ី សងការបំផ្លិចបំផ្លាញ ដែលខ្លួនបានធ្វើ មកលើអ៊ុយក្រែន តាមរយៈសង្រ្គាម ជាងពីរឆ្នាំមកនេះ។ លោកថែមទាំងបានគូសបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកនឹងគាំទ្រអ៊ុយក្រែន រហូតដល់សន្តិសុខរបស់ប្រទេសមួយនេះ ត្រូវបានធានា។
ក្នុងពេលជួប ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky , លោក Antony Blinken បានប្រាប់ថា ជំនួយយោធាអាមេរិក ឥឡូវនេះ កំពុងដំណើរការហើយ។ លោកបានបញ្ជាក់ថា ទស្សនកិច្ចនេះធ្វើឡើង ដើម្បីធានាដល់អ៊ុយក្រែន នូវការបន្តគាំទ្ររបស់អាមេរិក និងលំហូរនៃអាវុធ បំពេញតម្រូវការដល់អ៊ុយក្រែន។ ទស្សនកិច្ចនេះធ្វើឡើង ខណៈដែលរុស្ស៊ីកំពុងបន្តការវាយលុកថ្មីរបស់ខ្លួន នៅក្នុងតំបន់ Kharkiv ភាគឦសាន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត