ស្លាប់មនុស្ស ១៣នាក់ រថយន្តក្រុងធ្លាក់ចូលជ្រលងភ្នំ នៅប៉េរូ

បរទេស៖ អាជ្ញាធរនៃប្រទេសប៉េរូបាននិយាយថា មនុស្សយ៉ាងតិចណាស់ ១៣នាក់បានស្លាប់ ហើយមនុស្ស១២នាក់ផ្សេងទៀត រងរបួស ក្នុងពេលដែលរថយន្តក្រុងមួយគ្រឿងបានធ្លាក់ចូលទៅក្នុងជ្រលងភ្នំ មួយកន្លែង កាលពីថ្ងៃអង្គារ។

បើតាមអាជ្ញាធរបានឲ្យដឹងថា ឡានក្រុងមួយគ្រឿងនេះបានដឹកអ្នកដំណើរជាង ៤០នាក់ ហើយបានជួបគ្រោះថ្នាក់ ក្នុងពេលធ្វើដំណើរនៅលើផ្លូវហាយវេ Libertadores ដោយបានចាកចេញរដ្ឋធានី Lima ប៉ុនប៉ង់ធ្វើដំណើរ ទៅកាន់ទីក្រុង Ayacucho ។

គ្រោះថ្នាក់បែបនេះ បានកើតមានឡើង ជាញឹកញាប់ នៅលើដងផ្លូវរបស់ប្រទេសប៉េរូ ដោយសារតែអ្នកបើកបរបើកក្នុងល្បឿនលឿនលើសពីការកំណត់, ផ្លូវស្ថិតក្នុងស្ថានភាពមិនល្អ និងខ្វះផ្លាកសញ្ញា ព្រមទាំងមូលហេតុបញ្ហាផ្សេងៗទៀត។

កាលពីថ្ងៃទី ៣០ ខែមេសា មនុស្សយ៉ាងហោចណាស់ ២៥ នាក់បានស្លាប់ បន្ទាប់ពីរថយន្តក្រុងមួយបានធ្លាក់ចូលទៅក្នុងជ្រោះ នៅតំបន់ Cajamarca ។ ប្រទេសប៉េរូមានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជាង៣ពាន់នាក់ កាលពីឆ្នាំ២០២៣ នេះបើយោងតាមក្រសួងដឹកជញ្ជូន។ យោងតាមទិន្នន័យផ្លូវការ បានឱ្យដឹងថា ៧០ ភាគរយនៃគ្រោះថ្នាក់ គឺដោយសារតែកត្តាមនុស្ស ដូចជា អសមត្ថភាពរបស់អ្នកបើកបរ ឬ អស់កម្លាំង ជាដើម៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner