មនុស្សជាង ៧លាននាក់ប្រឈមអសន្តិសុខស្បៀងធ្ងន់ធ្ងរនៅស៊ូដង់ខាងត្បូង

អ.ស.ប៖ អង្គការសហប្រជាជាតិបានព្រមាននៅថ្ងៃអង្គារនេះថា មនុស្សជាង ៧លាននាក់នៅក្នុងប្រទេសស៊ូដង់ខាងត្បូង កំពុងប្រឈមមុខនឹងកង្វះស្បៀងអាហារធ្ងន់ធ្ងរក្នុងពេលប៉ុន្មានខែខាងមុខទៀតនេះ រួមទាំងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត ដែលធ្លាក់ទៅក្នុងគ្រោះមហន្តរាយ នៃគ្រោះទុរ្ភិក្ស។

ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សប្រមាណ ៧.១លាននាក់ អាចនឹងប្រឈមមុខនូវអសន្តិសុខស្បៀងធ្ងន់ធ្ងរនៅចន្លោះខែមេសា ដល់ខែកក្កដា ឆ្នាំ២០២៤។

ក្នុងចំណោមពួកគេទាំងនោះ មានមនុស្ស ៧៩,០០០នាក់នឹងធ្លាក់ទៅក្នុងគ្រោះមហន្តរាយ នៃគ្រោះទុរ្ភិក្ស ភាគច្រើននៅតាមទីតាំងដែលរងផលប៉ះពាល់ ដោយសារការប្រែប្រួលអាកាសធាតុ, វិបត្តិសេដ្ឋកិច្ច និងជម្លោះ។ ជិត ១៣ឆ្នាំបន្ទាប់ពីការប្រកាសឯករាជ្យកាលពីឆ្នាំ២០១១ ប្រទេសស៊ូដង់ខាងត្បូង នៅតែញាំញីដោយអស្ថិរភាព និងអំពើហិង្សា។

តួយ៉ាង ប្រជាជនសរុបចំនួន ៩លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ ក្រោយទទួលរងសម្ពាធកាន់តែខ្លាំងឡើងពីភ្លើងសង្គ្រាមនៅក្នុងប្រទេសជិតខាងស៊ូដង់កាលពីឆ្នាំមុន។ ការិយាល័យ OCHA បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៦៧០,០០០នាក់បានភៀសខ្លួនពីប្រទេសស៊ូដង់ខាងជើង ឆ្ពោះទៅកាន់ប្រទេសស៊ូដង់ខាងត្បូង ចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមកាលពីខែមេសា ឆ្នាំ២០២៣៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner