ភ្លើងសង្គ្រាមអ៊ុយក្រែន ផ្តាច់ជីវិតកុមារជិត ២ពាន់នាក់

កៀវ៖ អង្គការសង្គ្រោះកុមារ ហៅកាត់ថា យូនីសេហ្វ (UNICEF) បានឲ្យដឹងនាពេលថ្មីៗនេះថា ភ្លើងសង្គ្រាមនៅអ៊ុយក្រែនបានឆក់យកអាយុជីវិតក្មេងៗជិត ២,០០០នាក់ ខណៈតួលេខនេះ ត្រូវបានគេជឿជាក់ថា អាចនឹងខ្ពស់ជាងទិន្នន័យដែលបានរកឃើញនេះទៅទៀត។

ការិយាល័យអង្គការយូនីសេហ្វអឺរ៉ុប និងអាស៊ីកណ្ដាល ព្រមទាំងនាយកប្រចាំតំបន់លោកស្រី Regina De Dominicis បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយថា យ៉ាងហោចណាស់កុមារចំនួន ១,៩៩៣នាក់នៅអ៊ុយក្រែន ត្រូវបានសម្លាប់ ឬក៏រងរបួស ចាប់តាំងពីផ្ទុះភ្លើងសង្គ្រាមនៅអ៊ុយក្រែនជាង ២ឆ្នាំកន្លងមកនេះ។

តួលេខជាមធ្យមមានក្មេងស្លាប់ ២នាក់ជារៀងរាល់ថ្ងៃ ហើយសង្គ្រាមនៅអ៊ុយក្រែនក៏បានប៉ះពាល់ផ្នែកសតិអារម្មណ៍ និងសុខុមាលភាពកុមារយ៉ាងធ្ងន់ធ្ងរផងដែរ។ បន្ថែមពីនេះ យុវវ័យពាក់កណ្ដាលនៅអ៊ុយក្រែន ត្រូវគេរកឃើញថា ពួកគេមានបញ្ហាដំណេក ហើយម្នាក់ក្នុងចំណោម៥នាក់ កើតមានបញ្ហាស្រមោលអន្ធការអាក្រក់។

អង្គការយូនីសេហ្វបានឲ្យដឹងទៀតថា គិតត្រឹមខែមិថុនាខាងមុខ វាមានរយៈពេល ៤ឆ្នាំគត់ ដែលការអប់រំក្នុងប្រទេសអ៊ុយក្រែនទទួលរងផលប៉ះពាល់ ហើយស្ទើរតែពាក់កណ្ដាលនៃកុមារដែលបានចុះឈ្មោះនៅសាលា បានខកខានការចូលរៀនដោយផ្ទាល់ ហើយកុមារជិត១លាននាក់ជុំវិញប្រទេស មិនអាចទទួលបានការបង្រៀនដោយផ្ទាល់នៅសាលារៀនទាល់តែសោះ ក៏ព្រោះតែអសន្តិសុខ។

បច្ចុប្បន្ន អង្គការយូនីសេហ្វកំពុងធ្វើការជាមួយរដ្ឋាភិបាលអ៊ុយក្រែន ដើម្បីស្ដារសាលារៀន និងទីកន្លែងរស់នៅឡើងវិញសម្រាប់កុមារ ខណៈកំពុងផ្តល់ជាការគាំទ្រផ្នែកបង្រៀនអនឡាញដល់កុមារ និងជំនួយជាឧបករណ៍សិក្សាដោយខ្លួនឯងនៅតាមផ្ទះ៕

ប្រភព៖ news.un.org ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner