សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ ដូចអ្វីដែលបានគ្រោងទុកនៅព្រឹកថ្ងៃទី១៥ ខែឧសភានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។ ដំណើរទស្សនកិច្ចនេះ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅកម្រិតថ្មី។

ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។ គណៈប្រតិភូនៃរាជរដ្ឋាភិបាលអមដំណើរ សម្តេចធិបតី រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំង រដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។

ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាឱកាសនេះ សម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម ប្រធានាធិបតី យួន សកយ៉ល ដើម្បីពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការលើពហុវិស័យ ដើម្បីជំរុញនៅការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតថ្មី។ ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។

ឯកឧត្តម មាស សុភ័ណ្ឌ បានមានប្រសាសន៍បន្តថា សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណកូរ៉េ ហាន់ ដុកស៊ូ (Han Duck-soo) និងឯកឧត្តមប្រធានរដ្ឋសភា គីម ជីនផ្សូ (Kim Jin-pyo)។ ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តថា សម្តេចធិបតីក៏នឹងអញ្ជើញចូលរួមក្នុងបើកវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ និងជួបជាមួយក្រុមហ៊ុន កូរ៉េសំខាន់ៗមួយចំនួនដូចជា ឧស្សាហកម្មគ្រឿងយន្ត គ្រឿងបង្គុំអេឡិចត្រូនិក ហិរញ្ញវត្ថ និងធនាគារ ហេដ្ឋារចនាសម្ព័ន្ធសំណង់ បច្ចេកវិទ្យា និងឌីជីថល រួមនឹងក្រុមហ៊ុន ផលិតនិងផ្គត់ផ្គង់ឱសថ និងបរិក្ខា វេជ្ជសាស្ត្រផងដែរ។

ឯកឧត្តម មាស សុភ័ណ បន្តទៀតថា សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ផងដែរ។ តាមការគ្រោងទុក សម្តេចធិបតីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner