សម្ដេចធីបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានយោធាសេអ៊ូល (Seoul Air Base) ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្ថិភាព និងទទួលស្វាគមន៍ដោយ ឯកឧត្តម AHN Dukgeun រដ្ឋមន្ត្រីពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល និង ឯកឧត្តម PARK Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ។

បន្ទាប់បានអញ្ជើញដល់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបន្តដំណើរដល់សណ្ឋាគារ ដោយមានបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ បានមកទទួល ស្វាគមន៍ដល់សណ្ឋាគារ ប្រកបដោយស្នាមញញឹម និងភាពស្និទស្នាល ។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នៅព្រឹកថ្ងៃទី១៥ឧសភា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចាកចេញពីរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម យូន សុកយ៉ុល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ។

ដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ រយៈពេល ៤ថ្ងៃ របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នេះ គឺដើម្បីពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេស ជំរុញការវិនិយោគ និងពាណិជ្ជកម្ម រវាងកម្ពុជា និងកូរ៉េខាងត្បូង ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។

ក្នុងអំឡុង នៃដំណើរទស្សនកិច្ចនេះ សម្ដេចធិបតី នឹងអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ហើយ សម្តេចនាយករដ្ឋមន្ត្រី ក៏នឹងជួបជាមួយក្រុមហ៊ុនកូរ៉េខាងត្បូង សំខាន់ៗមួយចំនួនផងដែរ ។

សូមជម្រាបថា កូរ៉េខាងត្បូង ឈរនៅលេខរៀងទី១៣ ក្នុង ចំណោមប្រទេស ដែលមានទំហំពាណិជ្ជកម្មធំជាមួយកម្ពុជា និងធ្លាប់ជាប្រទេសវិនិយោគធំលំដាប់ទី៥ នៅកម្ពុជា មុន វិបត្តិរាតត្បាតនៃជំងឺកូវីដ១៩ ។ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង មានចំនួនជាង ៨០០លានដុល្លារ នៅឆ្នាំ២០២៣ ខណៈរយៈពេល ៤ខែ ឆ្នាំ២០២៤នេះ ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ មានទំហំជាង ២៥៦លានដុល្លារ កើនឡើងជាង ៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ ២០២៣ ដោយក្នុងនោះកម្ពុជា នាំចេញទៅកូរ៉េខាងត្បូង ភាគច្រើន ជាផលិតផលកសិកម្ម សម្លៀកបំពាក់ កៅស៊ូ និងគ្រឿងបង្គុំអេឡិចត្រូនិក។ ចំណែកឯកូរ៉េខាងត្បូង នាំចូលមកកម្ពុជាភាគច្រើន ជារថយន្ត គ្រឿងអេឡិចត្រូនិក ភេសជ្ជៈ និងឱសថ ។

គួរបញ្ជាក់ដែរថា ក្រៅពីជំនួបទ្វេភាគីជាមួយឯកឧត្តម ប្រធានាធិបតី យូន សុកយ៉ុល, ឯកឧត្តមនាយករដ្ឋមន្ត្រី ហាន់ ដុកស៊ូ (Han Duck-soo) និងឯកឧត្តមប្រធានរដ្ឋសភា គីម ជីនផ្សំ (Kim Jin-pyo) សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ ផេក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner