កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ឯកភាពពន្លឿនការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

(ភ្នំពេញ)៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានឯកភាពពីសារៈសំខាន់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងអំឡុងជំនួបសម្តែងការគួរសមនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាអំពីមធ្យោបាយនានា ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀង CEPA ដែលបានចុះហត្ថលេខាកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងមក និងបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងបើកទូលាយទីផ្សារកាន់តែច្រើនសម្រាប់ទំនិញ និងសេវាកម្ម បង្កើនរំហូរវិនិយោគ បង្កើតការងារ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ និងបង្កើនផលប្រយោជន៍ទៅវិញទៅមក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានសម្ដែងនូវការពេញចិត្តចំពោះមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៩៤ និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងផ្ដល់ការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានផ្លាស់ប្តូរយោបល់ទៅវិញទៅមក អំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ផងដែរ ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner