គម្រោង «ព្រែកជីកហ្វូណនតេជោ» ជាគំនិតផ្តួចផ្តើមរបស់កម្ពុជា ដែលនឹងក្លាយជាជន្ទល់ និង ឯករាជ្យនៃសេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ គម្រោង «ព្រែកជីកហ្វូណនតេជោ» ជាគំនិតផ្តួចផ្តើមរបស់កម្ពុជា ដែលនឹងក្លាយជាជន្ទល់ និង ឯករាជ្យនៃសេដ្ឋកិច្ចជាតិ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ស្តីពី “ព្រែកជីកហ្វូណនតេជោ” នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គម្រោង «ព្រែកជីកហ្វូណនតេជោ»ជាគំនិតផ្តួចផ្តើមរបស់កម្ពុជាសុទ្ធសាធ មិនមែនជាគំនិតផ្តួចផ្តើមពីចិននោះឡើយ ។ សម្តេច ថា គម្រោងនេះ នឹងក្លាយជាជន្ទល់ និងឯករាជ្យនៃសេដ្ឋកិច្ចកម្ពុជា សម្រាប់ថ្ងៃអនាគត ដែលទាមទារត្រូវតែសាងសង់ សម្រាប់កូនខ្មែរជំនាន់ក្រោយ ។
ជាថ្មីម្តងទៀត សម្តេចតេជោ បានប្រកាសច្រានចោល ទាំងស្រុង ចំពោះការចុះផ្សាយចោទប្រកាន់ថា គម្រោង ព្រែកជីកហ្វូណនតេជោ គឺដើម្បីបម្រើដល់កងទ័ពរបស់ចិន ព្រោះគម្រោងនេះតូច មិនអាចឱ្យនាវាយោធា អាចឆ្លងកាត់បាននោះទេ ។
សម្តេចប្រធានព្រឹទ្ធសភា បានចាត់ទុកការចោទនេះ គឺជានយោបាយប្រឆាំងចិន ហើយស្នើសុំឱ្យបញ្ចប់ ការមួលបង្កាច់នេះ ។
គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្រ្ត ជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែម ក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបាននាពេលអនាគត។
គម្រោងព្រែកជីកហ្វូណនតេជោ បានតភ្ជាប់ផ្លូវទឹក រវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រវែង ១៨០គីឡូម៉ែត្រ ។
គម្រោងព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេស វិស័យដឹកជញ្ជូន ដូចជា៖ កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជា កាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា ៕
ដោយ ៖ វណ្ណលុក


