កិច្ចប្រជុំពិភាក្សាពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយ ជូនប្រជាពលរដ្ឋ ក្នុងស្រុកមង្គលបូរី

(បន្ទាយមានជ័យ)៖ សហគមន៍ អង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ(API)បាន និង កំពុងអនុវត្តគម្រោងសំឡេង និងសកម្មភាពរបស់ប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជាដំណាក់កាលទី២ (២០២៣.២០២៥) ក្រោមជំនួយឧបត្ថម្ភគំទ្រថវិកាពីព្រះវិហារជំនួយ ដេណឺម៉ាក (DCA)និងប្រេតដ៏ ហ្វរ ដឹវើលយ៍ (BFDW) ។

API ក៏បានខិតខំប្រឹងប្រែងសម្រេចគោលបំណង ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី យុវជន ជនជាតិដើមភាគតិច និងជនមានពិការភាព នៅក្នុងអភិបាលកិច្ចមូលដ្ឋាន ដើម្បីលើកកម្ពស់តម្លាភាព ការទទួលបានព័ត៌មាន ស្ដីពីសេវាច្រកចេញចូលតែមួយ និងពិភាក្សាស្វែងយល់ពីបញ្ហា និងដំណោះស្រាយជូនប្រជាពលរដ្ឋ ក្នុងសហគមន៍ ។

នេះគឺជាការលើកឡើងរបស់ លោក អ៊ុច គ្រីស្តា មន្រ្តីគម្រោងប្រចាំខេត្តបន្ទាយមានជ័យ ក្នុងកិច្ចប្រជុំពិភាក្សាពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ក្នុងស្រុកមង្គលបូរី ក្រោមវត្តមានលោកស្រី សែង វីរៈ សមាជិកក្រុមប្រឹក្សាស្រុក នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុកមង្គលបូរី ។

លោកស្រី សែង វីរៈ និងលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលយោបាយ(API) ដែលបានខិតខំប្រឹងប្រែងដោះស្រាយពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋរយៈពេលកន្លងមក ។

ក្នុងឱកាសនោះ សហគមន៍បានលើកឡើង បញ្ហារំលោភយកដីបឹងសហគមន៍ធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន,បញ្ហាបទល្មើសលួចឆក់ខុសច្បាប់,បញ្ហាបង្ហាញពីតម្លាភាពថវិការបស់ឃុំ,បញ្ហាមូលនិធិសង្គមតាមរយៈផ្ដល់ប័ណ្ណ ប.ស.ស,និងការស្នើសុំឲ្យក្រុមយុវជនបានចូលរួមប្រជុំនៅរាល់ការដេញថ្លៃលទ្ធកម្មគម្រោងរបស់ក្រុមប្រឹក្សាឃុំ ឬក្នុងកិច្ចប្រជុំ។

ក្នុងឱកាសនោះ លោក អភិបាលស្រុក កងកម្លាំងនគរបាលមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងមន្រ្តីគម្រោងបានឆ្លើយតប និងគាំទ្រយ៉ាងពេញទំហឹងលើបញ្ហាដែលបានលើកឡើង ដោយបានធ្វើការបកស្រាយភ្លាមៗជូនដល់ពួកគាត់ផងដែរ និងបញ្ហាដែលនៅសេសសល់នឹងរកវិធីដោះស្រាយជូនសហគមន៍បន្តទៀត ៕

ដោយ ៖ ឃិន គន្ធា

ads banner