សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក

(ខេត្ដកំពង់ធំ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើននៅប្រាសាទសំបូរព្រៃគុក ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤។

ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តកំពង់ធំ និងលោកជំទាវ, អ្នកឧកញ៉ា ទ្រី ភាព និងជំទាវឧកញ៉ា, លោក ម៉ក់ ហឺន និងភរិយា ព្រមទាំង ឯកឧត្តមលោកជំទាវក្រុមការងាររាជដ្ឋាភិបាល និងក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ដ្រីរាជការ សិស្សានុសិស្ស និងប្រជាពរដ្ឋយ៉ាងច្រើនកុះករ ។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍ថា  ប្រជាពលរដ្ឋគ្រប់រូប អាចប្រារព្ធពិធីសាសនាទៅតាមជំនឿរៀងៗខ្លួន ក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កត្តាសុខសន្តិភាពក៏បានក្លាយជាកត្តាជម្រុញនូវ  ល្បឿននៃការអភិវឌ្ឍនផងដែរ តាមការយ: នៃការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា។ សម្តេច ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ គ្នាត្រូវចេះរួមសាមគ្គីគ្នា ថែរក្សានិងអភិរក្សប្រាសាទ បុរាណ ដែលជាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរ និងទុកសម្រាប់ជាការសិក្សាស្រាវជ្រាវដល់ កូនចៅជំនាន់ក្រោយៗទៀត។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រគ្រប់ជំនាន់ បុព្វបុរសកសាងប្រាសាទសំបូរព្រៃគុក សូមតាមជួយបីបាច់ថែរក្សា និងប្រទាន ពរជ័យប្រគេនពរដល់ ព្រះសង្ឃគ្រប់ព្រះអង្គ និងគោរពជូនពរសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបតែ សេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា។ សូមឱ្យប្រទេសជាតិ រួចផុតពី ជំងឺដង្កាត់ គ្រោះកាចចង្រៃ មានទឹកភ្លៀងគ្រប់គ្រាន់ តាមរដូវកាល ទទួលបានទេសចរណ៍ក និងអ្នកវិនិយោគទុនកាន់តែកើនឡើង កសិផលទទួល បានទិន្នផលខ្ពស់ ដើម្បីជាកត្តាចូលរួម ចំណែក ដល់កិច្ចអភិវឌ្ឍន៍ជាតិ ។

គួរំលឹកផងដែរថា ការសម្រេចបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភព លោកនេះ ត្រូវបានធ្វើឡើងនៅក្នុង កិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌ ពិភពលោក ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចអនុម័ត បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង ៩:៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Kraków ប្រទេសប៉ូឡូញ ហើយជាសម្បត្តិបេតិកភណ្ឌរូបីទី៣ដែរ បន្ទាប់ប្រាសាទអង្គរវត្ត (ឆ្នាំ១៩៩២) និងប្រាសាទព្រះវិហារ (ឆ្នាំ២០០៨)៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner