ចិនដាក់ទណ្ឌកម្មក្រុមហ៊ុនអាមេរិកលក់អាវុធដល់តៃវ៉ាន់
ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ បានលើកឡើងថា ខ្លួននឹងដាក់ទណ្ឌកម្មក្រុមហ៊ុនការពារជាតិអាមេរិកចំនួនបី ជុំវិញការលក់អាវុធរបស់ពួកគេទៅឱ្យកោះតៃវ៉ាន់។
ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ក្រុមហ៊ុនអាមេរិក General Atomic Aeronautical Systems, ក្រុមហ៊ុន General Dynamics Land Systems និង ក្រុមហ៊ុន Boeing Defense, Space & Security នឹងត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីរបស់ទីក្រុងប៉េកាំង ជា “អង្គភាពដែលមិនគួរឱ្យទុកចិត្ត”។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួររាយការណ៍ថា តាមរយៈការដាក់ទណ្ឌកម្មនេះ ក្រុមហ៊ុនទាំងបី នឹងត្រូវរារាំងមិនឱ្យចូលរួមក្នុងសកម្មភាពនាំចូល ឬនាំចេញដែលទាក់ទងនឹងប្រទេសចិន ក៏ដូចជាហាមឃាត់មិនឱ្យធ្វើការវិនិយោគថ្មីៗនៅចិន។ បន្ថែមលើនេះ នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនទាំងបី ក៏នឹងត្រូវហាមឃាត់មិនឱ្យចូលទៅក្នុងប្រទេសចិនផងដែរ។
ការប្រកាសនេះធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានអនុម័តកញ្ចប់ជំនួយយោធាដ៏ធំមួយសម្រាប់កោះតៃវ៉ាន់កាលពីខែមុន រួមទាំងថវិកា ១.៩ពាន់លានដុល្លារសម្រាប់ការផ្គត់ផ្គង់ឧបករណ៍យោធាបន្ថែម និងការហ្វឹកហ្វឺន។ រីឯថវិកា ២ពាន់លានដុល្លារទៀតនឹងត្រូវប្រើប្រាស់ សម្រាប់ហិរញ្ញប្បទានយោធាបរទេសដល់ប្រទេសក្នុងតំបន់។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រទេសចិនបានព្រមានថា ការផ្តល់ជំនួយយោធានេះ នឹងបង្កើន “ហានិភ័យនៃជម្លោះ” នៅតាមបណ្តោយច្រកសមុទ្រតៃវ៉ាន់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា