កូរ៉េខាងត្បូង និងអង់គ្លេស នឹងធ្វើម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូល AI ក្នុងសប្តាហ៍នេះ

សេអ៊ូល៖ កូរ៉េខាងត្បូង និងអង់គ្លេស គ្រោងធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិដ៏សំខាន់មួយ ស្តីពីបញ្ញាសិប្បនិមិត្ត (AI) នៅទីក្រុងសេអ៊ូល ក្នុងសប្តាហ៍នេះ ដោយរដ្ឋាភិបាលនានា ត្រូវបានគេរំពឹងថា នឹងដាក់សម្ពាធលើក្រុមហ៊ុនបច្ចេកវិទ្យា ពាក់ព័ន្ធនឹងសុវត្ថិភាព AI។

កិច្ចប្រជុំនេះមានគោលបំណងជំរុញបន្ថែមពីលើកិច្ចប្រជុំកំពូល ស្តីពីសុវត្ថិភាព AI ជាសកលនៅតំបន់ Bletchley Park ក្នុងទីក្រុង Milton Keynes ចក្រភពអង់គ្លេសកាលពីឆ្នាំមុន ដែលប្រទេសរាប់សិបបានសម្តែងការព្រួយបារម្ភរបស់ពួកគេ ចំពោះក្រុមហ៊ុន AI អំពីហានិភ័យដែលបង្កឡើងដោយបច្ចេកវិទ្យារបស់ពួកគេ។

បញ្ហាសុវត្ថិភាពនឹងក្លាយជារបៀបវារៈសាជាថ្មីទៀត នៅឯកិច្ចប្រជុំកំពូល ស្តីពីសុវត្ថិភាព AI ក្នុងទីក្រុងសេអ៊ូល មានរយៈពេល២ថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃអង្គារ៍សប្តាហ៍នេះ ហើយអ្នកតំណាងត្រូវបានគេរំពឹងថា នឹងមកពីក្រុមហ៊ុនបច្ចេកវិទ្យា AI ឈានមុខគេ រួមទាំងអ្នកបង្កើត ChatGPT ក្រុមហ៊ុន OpenAI ក្រុមហ៊ុន Google DeepMind ក្រុមហ៊ុន AI របស់បារាំង Mistral ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Anthropic ជាដើម។

ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បាននិយាយក្នុងថ្ងៃចន្ទថា ដូចគ្នានឹងបច្ចេកវិទ្យាថ្មីណាមួយដែរ AI នាំមកនូវហានិភ័យថ្មី រួមទាំងការប្រើប្រាស់ខុសដោយចេតនាពីក្រុមមនុស្ស ដែលចង់ធ្វើឱ្យយើងមានគ្រោះថ្នាក់។

មនុស្សជាច្រើនក៏បានអំពាវនាវឱ្យបង្កើតស្តង់ដារអន្តរជាតិ ដើម្បីគ្រប់គ្រងការអភិវឌ្ឍន៍ និងការប្រើប្រាស់ AI ផងដែរ។ ប្រទេសបារាំងនឹងធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូល ស្តីពីសុវត្ថិភាព AI ជុំបន្ទាប់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner