អង្គការសហប្រជាជាតិព្រមានថា អំពើឃោរឃៅបន្ថែមទៀតកើតមាននៅមីយ៉ាន់ម៉ា
ណៃពិដោ៖ ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការផ្ទុះអំពើហិង្សាឡើងវិញនៅក្នុងរដ្ឋរ៉ាក់ឃីន របស់ប្រទេសមីយ៉ាន់ម៉ា ហើយថែមទាំងបានព្រមានពីការកើនឡើង “អំពើឃោរឃៅ” បន្ថែមទៀត។
ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរបាយការណ៍អំពីអំពើហិង្សា និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅទីក្រុង Buthidaung ក្នុងរដ្ឋរ៉ាក់ឃីន ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ដែលបណ្តាលឱ្យជនស៊ីវិលរាប់ម៉ឺននាក់បង្ខំចិត្តផ្លាស់ទីលំនៅ ដែលភាគច្រើនជាជនជាតិរ៉ូហ៊ីងយ៉ា។

លោក Turk បាននិយាយកាលពីខែមុនថា ការប្រយុទ្ធបានរីករាលដាលដល់សង្កាត់ចំនួន ១៥ ក្នុងចំណោម ១៧សង្កាត់របស់រដ្ឋរ៉ាក់ឃីន ចាប់តាំងពីខែវិច្ឆិកាមក រវាងក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច Arakan Army (AA) និងកងកម្លាំងរបបយោធាមីយ៉ាន់ម៉ា។ មនុស្សរាប់រយនាក់ហើយបានស្លាប់ ឬរបួស និងច្រើនជាង ៣០០.០០០នាក់ទៀតភៀសខ្លួន។
លោក Turk ក៏បានអំពាវនាវដោយផ្ទាល់ទៅកាន់របបយោធាមីយ៉ាន់ម៉ា និងក្រុម AA ឱ្យផ្អាកការប្រយុទ្ធគ្នា និងការពារអាយុជីវិតជនស៊ីវិល ហើយអនុញ្ញាតឱ្យមានការផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដោយគ្មានការរារាំង និងគោរពតាមច្បាប់អន្តរជាតិដោយគ្មានលក្ខខណ្ឌ។ លោក Turk ថែមទាំអបានទទូចដល់ប្រទេសបង់ក្លាដែស ឱ្យចាត់វិធានការការពារដល់ជនងាយរងគ្រោះ ដែលភៀសខ្លួនចេញពីជម្លោះនេះផងដែរ៕



ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា