លោក Elon Musk ពិចារណាបើករោងចក្រផលិតអាគុយឡានអគ្គិសនីក្នុងប្រទេសខ្លួន
រដ្ឋមន្ត្រីឥណ្ឌូនេស៊ីមួយរូបបាននិយាយថា មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក លោក Elon Musk នឹងពិចារណាសាងសង់រោងចក្រផលិតអាគុយឡានអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីលោក Musk បានជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ នៅក្នុងថ្ងៃចន្ទនេះ។

ទោះបីជាយ៉ាងណា ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk នៅមិនទាន់ធ្វើការឆ្លើយតបភ្លាមៗទេ បន្ទាប់ពីរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការវិនិយោគឥណ្ឌូនេស៊ី Luhut Pandjaitan បានអះអាងបែបនេះប្រាប់ទៅកាន់អ្នកយកព័ត៌មាន។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ និងលោក Musk បានជួបគ្នានៅឯកោះបាលី របស់ប្រទេសឥណ្ឌូនេស៊ី ក្រោយអ្នកទាំងពីរបានចូលរួមក្នុងវេទិកាទឹកពិភពលោកលើកទី១០ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ ដល់២១ ខែឧសភា ឆ្នាំ២០២៤។

ដំណឹងនេះកើតឡើង បន្ទាប់ពីក្រុមហ៊ុន Tesla កាលពីខែមេសា បានប្រកាសកាត់បន្ថយតម្លៃឡាននៅក្នុងទីផ្សារធំៗមួយចំនួនរបស់ខ្លួន រួមទាំងប្រទេសចិន និងអាល្លឺម៉ង់ បន្ទាប់ពីបញ្ចុះតម្លៃនៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុន Tesla កំពុងប្រឈមនឹងការធ្លាក់ចុះចំនួនលក់ ស្របពេលមានសង្រ្គាមតម្លៃកាន់តែខ្លាំងក្លាកំពុងកើនឡើង ជាមួយដៃគូប្រកួតប្រជែង ជាពិសេសក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិន៕ ប្រភព៖ Reuters ប្រែសម្រួលដោយ៖ ឈឹម ទីណា