ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា បន្តងើបឡើងក្នុងអត្រា ៥% ខណៈអត្រាអតិផរណាបានថយចុះមកត្រឹម ២,១%

(ភ្នំពេញ)៖ សេដ្ឋកិច្ចកម្ពុជា បន្តងើបឡើងជាមួយនឹងកំណើនក្នុងល្បឿនខុសគ្នាតាមវិស័យ ក្នុងអត្រា ៥% ខណៈអត្រាអតិផរណា បានថយចុះមកត្រឹម ២,១% ស្របតាមនិន្នាការអតិផរណាក្នុងតំបន់ និងការធ្លាក់ថ្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ។ នេះជាការគូសបញ្ជាក់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ។

លោកជំទាវបណ្ឌិត ជា សិរី មានប្រសាសន៍ថា ការរួមចំណែករក្សាស្ថិរភាពហិរញ្ញវត្ថុ បានក្លាយជាមុខងារ និងភារកិច្ចស្នូលរបស់ធនាគារកណ្តាល ជាពិសេសចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៧-២០០៨ ។ ក្នុងទិសដៅនេះ ធនាគារជាតិ បានគិតគូរពីស្ថិរភាពហិរញ្ញវត្ថុ ដោយធ្វើការវិភាគ និងវាយតម្លៃលើសូចនាករសំខាន់ៗ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០១០ ដើម្បីពង្រឹងភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុជាតិ ដែលគ្របដណ្តប់ដោយវិស័យធនាគារ ។ ជាមួយការរីកចម្រើនឥតឈប់ឈរ នៃប្រព័ន្ធធនាគារ និងសេដ្ឋកិច្ចកម្ពុជា និងភាពប្រទាក់ក្រឡារវាងប្រព័ន្ធធនាគារ និងវិស័យផ្សេងទៀត កាន់តែមានភាពស្មុគស្មាញជាងមុន ការវិភាគស្ថិរភាពហិរញ្ញវត្ថុ ត្រូវបានកែលម្អឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយជាបន្តបន្ទាប់ ។

លោកជំទាវបណ្ឌិត ក៏បានគូសរំលេចពីការវាយតម្លៃនៅក្នុងរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣ ថា ស្ថានភាពសេដ្ឋកិច្ចតំបន់ និងពិភពលោកត្រូវបានវាយតម្លៃថា មានភាពធន់ បើទោះបីជាត្រូវប្រឈមនឹងការកើនឡើងនៃអត្រាការប្រាក់ និងកម្រិតខ្ពស់នៃអត្រាអតិផរណាសកលក៏ដោយ។ ក្នុងស្ថានភាពនេះ សេដ្ឋកិច្ចកម្ពុជា បន្តងើបឡើងជាមួយនឹងកំណើនក្នុងល្បឿនខុសគ្នាតាមវិស័យ ក្នុងអត្រា ៥% ខណៈអត្រាអតិផរណា បានថយចុះមកត្រឹម ២,១% ស្របតាមនិន្នាការអតិផរណាក្នុងតំបន់ និងការធ្លាក់ថ្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ។ ទោះសហរដ្ឋអាមេរិក បានបង្កើនអត្រាការប្រាក់គោល ប៉ុន្តែសម្ពាធមកលើប្រាក់រៀលត្រូវបានគ្រប់គ្រង ។ ទុនបម្រុងអន្តរជាតិ រក្សាបានក្នុងកម្រិតសមស្រប ដែលអាចធានាការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់បាន ៧ខែ ។ ប្រព័ន្ធធនាគារកម្ពុជា បន្តមានភាពរឹងមាំ ប៉ុន្តែកំណើនទន់ខ្សោយនៃវិស័យមួយចំនួន បណ្តាលឱ្យកំណើនឥណទានថយចុះមកនៅអត្រាមួយខ្ទង់ជាលើកដំបូងក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយ ។ ទន្ទឹមនេះ ការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក បានកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសបន្ទាប់ពីវិបត្តិកូវីដ-១៩ ក្នុងនោះប្រតិបត្តិការទូទាត់តាមរយៈប្រព័ន្ធបាគង និងខេអេចឃ្យូអរកូដ បានកើនឡើងដែលបានរួមចំណែកសម្រួលពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ និងការផ្ទេរប្រាក់ពីក្រៅប្រទេស ព្រមទាំងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុផងដែរ ។

លោកជំទាវទេសាភិបាល ក៏ស្នើរទៅអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ព្រមទាំងចៀសវាង និងកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានជាយថាហេតុមកលើស្ថិរភាពហិរញ្ញវត្ថុ ហើយនឹងត្រូវបន្តចូលរួមតាមដាន និងត្រួតពិនិត្យដោយហ្មត់ចត់ពីហានិភ័យក្នុងវិស័យ និងហានិភ័យប្រទាក់ក្រឡានៃវិស័យអចលនទ្រព្យ ។

លោកជំទាវបណ្ឌិត ក៏បានលើកឡើងពីទស្សនអនាគតលើស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើន ៦% នៅឆ្នាំ២០២៤ ជាមួយនឹងកម្រិតអតិផរណាក្នុងរង្វង់ ២%។ កំណើនសេដ្ឋកិច្ច ត្រូវបានគាំទ្រជាចម្បងដោយការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេរ ការបន្តងើបឡើងនៃវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធ និងកំណើនរឹងមាំនៃវិស័យដឹកជញ្ជូននិងទូរគមនាគមន៍ ខណៈវិស័យកសិកម្ម អាចបន្តកើនឡើងយឺត ។ លើសពីនេះ ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTAs) ត្រូវបានរំពឹងថា នឹងរួមចំណែកទាក់ទាញលំហូរវិនិយោគ និងការនាំចេញទៅក្នុងតំបន់បន្ថែមទៀត ។

លោកជំទាវ ជាសិរី បានបន្តថា សេដ្ឋកិច្ចកម្ពុជា ក៏ប្រឈមនឹងហានិភ័យមួយចំនួន ដូចជា៖ ភាពតានតឹងភូមិសាស្ត្រនយោបាយ ការអូសបន្លាយនៃការរឹតបន្តឹងស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ កំណើនយឺតនៃសេដ្ឋកិច្ចចិន ការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃហានិភ័យសាយប័រជាដើម ដែលនឹងអាចប៉ះពាល់ដល់ការនាំចេញ ការវិនិយោគ និងលំហូរមូលធនមកកម្ពុជា ហើយប្រព័ន្ធធនាគារកម្ពុជា ក៏ប្រឈមនឹងហានិភ័យផងដែរ ។ តែយ៉ាងណា ធនាគារជាតិនៃកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានានូវភាពរឹងមាំនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ហើយនឹងដាក់ចេញវិធានការគាំទ្រតាមការចាំបាច់ សំដៅគាំទ្រកំណើនសេដ្ឋកិច្ចនិងរក្សាស្ថិរភាពហិរញ្ញវត្ថុជាតិ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner