កម្ពុជា-ចិនរួមគ្នាចែករំលែកពុទ្ធិ និងបទពិសោធន៍ ទាក់ទងនឹងការគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់

(សៀមរាប)៖ កម្ពុជា-ចិន បានរួមគ្នាចែករំលែកបណ្តុះបណ្តាលស្តីពី«ការត្រៀមខ្លួនដើម្បីជួយសង្គ្រោះប្រជាជនក្នុងពេលមានគ្រោះទឹកជំនន់» ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ចែលមានអ្នកចូលរួមជាមន្ត្រីសាលាស្រុកបន្ទាយស្រី សាលាឃុំទាំង៦របស់ស្រុកបន្ទាយស្រី នគរបាល កងរាជអាវុធហត្ថ កងទ័ព យុវជន និងសិស្សានុសិស្ស ចំនួន ១០០នាក់

លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិនៃសមាគមមិត្តភាពកម្ពុជា-ចិន បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីទ្រឹស្តីនៅសាលាស្រុកបន្ទាយស្រីពេញ១ថ្ងៃនេះគឺក្នុងគោលបំណងសំខាន់ចំនួន២គឺ ១-បង្កើនកិច្ចសហប្រតិបត្តិការក្នុងការចែករំលែករវាងអ្នកជំនាញកម្ពុជានិងចិននៃខេត្ត-ក្រុងសម្ព័ន្ធភាពលើការគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់ និង២-រួមចំណែកអបអរសាទរឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជនកម្ពុជា និងប្រជាជនចិន ដើម្បីទាក់ទាញទេសចរចិនឱ្យកាន់តែច្រើនមកទស្សនាខេត្តសៀមរាប និយាយដោយឡែក ទស្សនាកម្ពុជា និយាយរួម ។

ក្នុងនាមគណៈប្រតិភូចិន និងអ្នកជំនាញគ្រប់គ្រងគ្រោះមហន្តរាយ លោកស្រី ស៊ុន យានណា (Sun Yanna) អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃមជ្ឈមណ្ឌលជាតិកាត់បន្ថយគ្រោះមហន្តរាយ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសាលាស្រុកបន្ទាយស្រី ហើយតាមរយៈអង្គវេទិកានេះ អ្នកជំនាញដែលអញ្ជើញមកពីនាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្ននៃតំបន់ស្វយ័តក្វាងស៊ីជនជាតិជ័ង រួមជាមួយមូលនិធិចិន PEACELAND នឹងបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយក្រុមការងារនៅមូលដ្ឋានស្រុកបន្ទាយស្រីដែលរួមមានកងកម្លាំងមកពីកងពលធំអន្តរាគមន៍លេខ២ដែលពោរពេញដោយជំនាញនិងបទពិសោធន៍ខ្ពស់លើការគ្រប់គ្រងគ្រោះមហន្តរាយដើម្បីបង្កើនពុទ្ធិនិងចែករំលែកបទពិសោន៍កាន់តែស៊ីជម្រៅជាមួយគ្នាបន្ថែមទៀត។

លោក លូ ឈីជឺ (Lu Qizhi) អគ្គកុងស៊ុលស្ថានទូតចិនប្រចាំខេត្តសៀមរាបបានវាយតម្លៃខ្ពស់ចំពោះវេទិកាដែលរួមគ្នារៀបចំរវាងភាគីកម្ពុជានិងភាគីចិន ដើម្បីរួមចំណែកដល់រដ្ឋាភិបាលនៃប្រទេសយើងទាំងពីរឈានឆ្ពោះទៅសម្រេចបានភាពជាដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនៃសហគមន៍ជោគវាសនារួមចិននិងកម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី។

លោក រិន ឡូត អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រីបានថ្លែងថា វេទិកាទាំងទ្រឹស្តី និងការអនុវត្តរយៈពេល២ថ្ងៃនេះដោយទទួលបានការគាំទ្រពីសាលាខេត្តសៀមរាប ស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប សមាគមមិត្តភាពកម្ពុជា-ចិន មូលនិធិចិន PEACELAND និងអង្គពាក់ព័ន្ធនានាពិតជាបានជួយសម្របសម្រួលដល់បណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិនដែលបានចូលរួមដល់ការអភិវឌ្ឍនិងលើកកម្ពស់មូលធនមនុស្សដែលជាពិសេសផ្តោតលើជំនាញគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់នៅក្នុងស្រុកបន្ទាយស្រី ពិតជាបានចូលរួមចំណែកក្នុងការអនុវត្តតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំប្រកបដោយភាពឈ្លៀសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងចូលរួមបង្កើនកិច្ចសហប្រតិបត្តិការឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជនកម្ពុជានិងប្រជាជនចិនថែមទៀតផង៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner