រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាជាតិ នៃការចងចាំ ថ្ងៃ២០ ឧសភា

កំពង់ចាម៖ ទិវាជាតិ នៃការចងចាំ ថ្ងៃ២០ ឧសភា នេះ គឺជា​ការ​រំលឹក ដល់ប្រវត្តិសាស្ត្រដ៏ឈឺចាប់ ដែលមាតុភូមិ និងប្រជា​ជន​យើង ធ្លាប់បានឆ្លងកាត់ ក្នុងរបបមួយ ដ៏សែនឃោរឃៅ ដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ក៏ដូច​ប្រវត្តិសាស្រ្ត​សកលលោក ។ នេះជាការលើកឡើងរបស់​ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងឱកាស​ប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា ឆ្នាំ២០២៤ នៅមជ្ឈ​មណ្ឌល ឧក្រិដ្ឋកម្ម ក្នុងបរិវេណវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀមកាលពីព្រឹកថ្ងៃទី២០ ខែឧសភា ន ។

ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ថ្ងៃ២០ ឧសភា នេះហើយ ជាថ្ងៃដែលចាប់ផ្តើមអនុវត្តនយោបាយប្រល័យ​ពូជសាសន៍ នៅកម្ពុជា ដែលបានបញ្ឈប់ទាំងស្រុង នូវដំណើរ​ការរីកចម្រើនទៅមុខរបស់សង្គមជាតិ ហើយទាញបញ្ច្រាសឲ្យ​ដើរថយក្រោយយ៉ាងវែង វិលទៅរកសម័យទាសភាព ក្នុងបុព្វ​កាលវិញ ។ ឯកឧត្តម បន្តទៀតថា សង្គមកម្ពុជា ត្រូវបំផ្លាញ​ខ្ទេចខ្ទី ដល់ឬសគល់ គ្មានស្នាមញញឹម គ្មានសំណើច គ្មាន​ការអប់រំ គ្មានសេចក្តីស្រលាញ់ គឺមានតែការភ័យរន្ធត់ ការអត់​ឃ្លាន ទារុណកម្ម និងការកាប់សម្លាប់ប៉ុណ្ណោះ ។ ប្រជាជនជាង ៣លាននាក់ ត្រូវបានសម្លាប់យ៉ាងអាណោច​អធម។

ឯកឧត្តមបន្តថា ក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាប្រជាជនយើងនៅគ្រប់ទិសទី បានក្រោកឈរឡើងប្រយុទ្ធតស៊ូ ផ្ដួលរំលំរបបដ៏យង់​ឃ្នង់​នេះ រហូតទទួលបានជ័យជម្នះនៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែលបានសង្គ្រោះជាតិឲ្យបានរស់រានឡើងវិញ ។ ក្រោមការ​ដឹក​នាំ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានប្រែក្លាយកម្ពុជា ទៅជាទឹកដីដ៏ស្រស់​បំព្រងប្រកបដោយសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ។
ឯកឧត្តមបន្តថា មកដល់ពេលនេះ រាជរដ្ឋាភិបាល នីតិកាល​ទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយ​ការទទួលខុសត្រូវខ្ពស់បំផុត ចំពោះ ជោគវាសនា របស់​ប្រទេស​ជាតិ ដើម្បី ថែរក្សាពូនជ្រុំរាល់សមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច សំដៅធ្វើឱ្យកម្ពុជា ប្រែក្លាយ​ជាប្រទេសមាន ចំណូលធម្យមកម្រិតខ្ពស់នៅ​ឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះ ទៅសម្រេច​ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេស មានចំណូល​ខ្ពស់ ៕

អត្ថបទនិងរូបភាព៖លីពៅ

ads banner