សមាគមយុវជនខ្មែរមហានគរ សម្តែងនូវការចងចាំទិវាជាតិនៃការចងចាំ ២០ឧសភា!
សមាគមយុវជនខ្មែរមហានគរ នៃបណ្ដុំអង្គការសង្គមស៊ីវិល បានសម្តែងនូវការចងចាំថ្ងៃនេះ ជាទិវាជាតិនៃការចងចាំ ២០ឧសភា! ថ្ងៃនេះ ជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបប ប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះជាការ រំលឹកដល់វិញ្ញាណក្ខន្ធជូនជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ក្នុងនាមជាយុវជនជំនាន់ក្រោយបានដឹងយ៉ាងច្បាស់អំពីកត្តាសុខសន្តិភាពដែលកើតមាននាពេលនេះ គឺកម្ពុជាបានឆ្លងកាត់ ការឈឺចាប់ ជូរចត់ឥតល្ហែស្ទើរតែបាត់បង់ប្រទេសជាតិ។ ប្រជាជនត្រូវរងទុក្ខវេទនាដោយសារភ្លើងសង្គ្រាមជាបន្តបន្ទាប់ ក្នុងរបប វាលពិឃាតប្រល័យពូជសាសន៍ ប៉ុល ពត។ ដូចនេះ យើងមិនអាចបំភ្លេចបានទេនូវការលះបង់របស់ឥស្សរជនខ្មែរជាច្រើនដែល បានពលីជីវិត ប្តូរយកសន្តិភាព ការពារប្រទេសជាតិជូនជាតិមាតុភូមិ ពិសេស គុណូបការៈដ៏ថ្លៃថ្លា និងការលះបង់មហាធំធេងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីប្តូរយកសន្តិភាព និងការអភិវឌ្ឍ សម្រាប់ប្រទេសជាតិទាំងមូល។
ថ្ងៃនេះ ជាទិវាជាតិនៃការចងចាំ ២០ ឧសភា! ប្រជាពលរដ្ឋកម្ពុជាភាគច្រើនបានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់ សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេ យ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។ ដើម្បីកុំឱ្យរបបនេះវិញត្រឡប់មកវិញ យើងខ្ញុំជាយុវជនសូមប្តេជ្ញាចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕
ដោយ៖ពលជ័យ
