អ្នកនៅរស់គោរពវិញ្ញាណក្ខន្ធនៅស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះក្នុង​ទិវាជាតិនៃការចងចាំ នៅវត្តអំពែភ្នំ

កំពង់ស្ពឺ៖ក្នុងឱកាសទិវាជាតិនៃការចងចាំ ២០ ឧសភា លោក សរ សុពុត្រា អភិបាលរងខេត្ត និងជាប្រធានសហភាព​សហព័ន្ធ​យុវជន​ខេត្តកំពង់​ស្ពឺ​ រួមមាន ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំង​ប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្ស ឧទ្ទិសកុសលនិង​គោរព​វិញ្ញាណ​ក្ខន្ធជន​នៅស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះ​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត នៅវត្តអំពែភ្នំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនេះ លោក សរ សុពុត្រា បានរំលឹកថា ទិវាជាតិនៃ​ការ​ចងចាំ ២០ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែល​ប្រជាជន​កម្ពុជាគ្រប់រូប នៅតែ ចងចាំដោយមិនអាច​បំភ្លេច​បាននូវសម័យកាលដ៏ខ្មៅងងឹត ដ៏សែនកាចសាហាវ និង​ឃោរឃៅ ដែលបាន កើតឡើងលើទឹកដីកម្ពុជា ក្នុងរយៈពេល ៣ឆ្នាំ៨ខែ២០ថ្ងៃ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជ​សាសន៍។ ការប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងពិធីបង្សុកូល នាវេលានេះ គឺដើម្បីរំលឹកដល់ ឧបការៈគុណរបស់បញ្ញវន្ត យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ និងប្រជាជនស្លូតត្រង់ ដែលបានបាត់បង់ ជីវិតក្រោមការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ​បំផុត ។

លោកបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិ​បណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​កម្ពុជា បានធ្វើឱ្យសង្គមជាតិ មានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ មានការបង្រួបបង្រួមផ្សះផ្សាជាតិ និងមានការអភិវឌ្ឍ​លើ គ្រប់វិស័យ។សម្ដេចតេជោបាន​ធ្វើឱ្យ​ប្រទេសជាតិ ស្មើមុខ ស្មើសិទ្ធិជាមួយបណ្តាប្រទេសទាំង​ក្នុងតំបន់ និងលើសកលលោក។

លោកបន្តថា បច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយភាពវាងវៃ ច្បាស់លាស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ប្រទេសជាតិ រឹតមានឧត្តមភាព វឌ្ឍនភាពឆ្ពោះទៅ​មុខ​បន្ថែមទៀត។លោកបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យ​ចូលរួម​ថែរក្សាការពារសន្តិភាពដែលរកបានដោយលំបាក ដើម្បី​កម្ពុជាកាន់តែទទួលបាននូវការអភិវឌ្ឍរីកចម្រើនថែមទៀតឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់​នៅឆ្នាំ២០៥០៕
អត្ថបទនិងរូបភាព៖ម៉ុន សំអាត

ads banner