រដ្ឋបាលខេត្តព្រះវិហាររំលឹកឱ្យរក្សានូវការចងចាំ និងចូលរួម​ទប់ស្កាត់​កុំឱ្យមានអំពើព្រៃផ្សៃនេះកើតមានជាថ្មី

ព្រះវិហារ៖លោក អ៊ុង វឌ្ឍី អភិបាលរងខេត្តព្រះវិហារ កាលពី​ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងមណ្ឌលឧក្រិដ្ឋ​កម្ម​តំបន់​១០៣ នៃរបបប្រល័យពូជសាសន៍ប៉ុលពត នៅស្រុក​រវៀង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេសប្អូនៗ​ក្មួយៗ ជាយុវជន​ជំនាន់ក្រោយត្រូវចងចាំទុក និងចូលរួមទប់​ស្កាត់​កុំឱ្យមានអំពើព្រៃផ្សៃនេះកើតមានឡើង ជាថ្មីម្តងទៀត ។

លោកបន្តថា «យើងជួបជុំគ្នាប្រារព្ធទិវាជាតិនៃការចងចាំនៅ​ថ្ងៃនេះ ស្ថិតក្រោមបរិយាកាសសោមនស្សរីករាយ ប្រកបដោយ​ស្នាម​ញញឹម ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់​សម្តេច​ធិបតី ដែលបានបន្តមរតកនយោបាយពីសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានលះបង់គ្រប់បែបយ៉ាង តស៊ូរំដោះ​ជាតិ សង្គ្រោះ​អាយុ​ជីវិតប្រជាជន ឱ្យរួចផុតពីរបបប្រល័យពូជ​សាសន៍​ប៉ុលពត និងស្វែងរកសុខសន្តិភាពជូនជាតិ មាតុភូមិ តាមរយៈ​ការអនុវត្តនយោ​បាយឈ្នះឈ្នះ» ។

លោក អ៊ុង វឌ្ឍី បន្តថា ផ្តើមចេញពីថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ និងការអនុវត្តគោលនយោបាយឈ្នះឈ្នះ បាន​ធ្វើឱ្យប្រទេស​ជាតិមានសុខសន្តិភាពពេញលេញ និងការ​អភិវឌ្ឍរីកចម្រើនគ្រប់វិស័យទូទាំងប្រទេស ដែលទាំងអស់នេះ​ជាគុណូបការៈ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដូចក្នុងពាក្យស្លោកមួយថា៖ «ទទួលទានទឹក នឹកដល់ប្រភព ជ្រកម្លប់នឹកដល់អ្នកដាំ» ដូច្នេះក្នុងនាមថ្នាក់​ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទូទាំងខេត្តព្រះវិហារ សូមធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូល​រួមគាំទ្រ ការដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រនានា ពិសេសគឺការអនុវត្តគម្រោង​ព្រែកជីកហ្វូណន-តេជោ៕
ដោយ៖ សួន លីណា

ads banner